(ភ្នំពេញ)៖ លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានប្រកាសចប់កិច្ចសន្យាជាមួយសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា (FFC) ហើយ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេលជាង ៧ឆ្នាំ។ នេះបើតាមការប្រកាសលើ គណនីហ្វេសប៊ុកផ្លូវការរបស់លោក Lee កាលពីម្សិលមិញ ដោយសរសេរថា «កិច្ចសន្យារវាងខ្ញុំ និង FFC បានអស់ សុពលភាពហើយ។ រយៈពេល ៧ឆ្នាំ និង៣ខែ ដែលខ្ញុំធ្វើការងារនៅប្រទេសកម្ពុជា វាពោរពេញទៅដោយកិត្តិយស ភាពសប្បាយរីករាយ ជាមួយនឹងការប្រកួតប្រជែង»

ជាមួយនឹងការប្រកាសចប់កិច្ចសន្យា ក្រោយចំណាយពេលជាយូរ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា លោក Lee ក៏បានសម្ដែងនូវការនឹកស្រណោះជាខ្លាំងផងដែរ ដែលលោកត្រូវឃ្លាតឆ្ងាយពីវិស័យបាល់ទាត់កម្ពុជា តែលោកមិនបានបញ្ជាក់ពីអនាគតបាល់ទាត់របស់លោកនោះទេ។ ប៉ុន្ដែក្នុងរជ្ជកាលដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ គេវិស័យបាល់ទាត់កម្ពុជា មានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយក៏បានបន្សល់នូវសមិទ្ធផលធំមួយចំនួនគួរឲ្យកត់សម្គាល់ផងដែរ។

លោកបានសរសេររៀបរាប់ថា «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះកីឡាករជម្រើសជាតិកម្ពុជាទាំងអស់ ដែលតែងតែចូលរួម និងគាំទ្រក្នុងការបង្វឹករបស់ខ្ញុំនាពេលកន្លងមក។ ទន្ទឹមគ្នានោះ ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះកីឡាករយុវជនក្រោមអាយុ ១៦ឆ្នាំ (U16) ដែលស្ថិតក្រោមការបង្វឹករបស់ខ្ញុំតាំងពីខែមេសា ឆ្នាំ២០១៧ រហូតដល់ពេលនេះ ខណៈខ្ញុំបានដឹងពីរបៀបបង្វឹកកីឡាករទាំងអស់ ហើយខ្ញុំក៏សង្ឃឹមថា កីឡាករទាំងអស់នឹងយកចំណេះដែលទទួលបានពីខ្ញុំ ដើម្បីអភិវឌ្ឍន៍ក្លាយជាកីឡាករឆ្នើមទៅថ្ងៃអនាគត»

«លើសពីនេះទៀត ខ្ញុំពិតជាអរគុណខ្លាំងសម្រាប់អ្នកគាំទ្រកម្ពុជាដែលតែងតែមកទស្សនាផ្ទាល់ដ៏ច្រើនកុះករ ដែលធ្វើឲ្យ កីឡាករគ្រប់រូបមានកម្លាំងចិត្ត បើទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ដែលទាំងនេះវាក្លាយជាអនុស្សាវរីយ៍ដែលធ្វើឲ្យ ខ្ញុំមិនអាចបំភ្លេចបានឡើយ។ ខ្ញុំសង្ឃឹមថា កីឡាកររបស់យើងគ្រប់គ្នា នឹងចងចាំចំពោះការគាំទ្រ និងតស៊ូពុះពារខ្លាំងឡើង ប្រកបដោយទំនួលខុសត្រូវ ដើម្បីអភិវឌ្ឍន៍ខ្លួនទៅថ្ងៃអនាគត»

បន្ថែមលើនេះ លោកក៏បានបង្ហាញនូវការនឹករលឹក ចំពោះប្រធានសហព័ន្ធលោក សៅ សុខា ផងដែរ។ លោកបន្ដថា «ជាចុងក្រោយ ខ្ញុំសូមអរគុណចំពោះប្រធានសហព័ន្ធបាល់ទាត់កម្ពុជា លោក សៅ សុខា ដែលតែងតែគាំទ្រចំពោះការ ដឹកនាំរបស់ខ្ញុំ និងបុគ្គលិកទាំងអស់នៃ FFC និងសូមជូនពរពួកគេឲ្យជួបតែសំណាងល្អ និងសម្រេចជោគជ័យនៅថ្ងៃអនាគត។ ខ្ញុំនឹងចងចាំ និងនឹករលឹកចំពោះអ្នកគាំទ្រកម្ពុជាជានិច្ចដោយការគោរព និងស្រឡាញ់ជាទីបំផុត»៕