(ភ្នំពេញ)៖ តារាចម្រៀងថ្មីមុខ​នៅក្នុងវិស័យសិល្បៈ លោក ឆេង ទីម៉ា ទោះបីជាទើបតែប្រឡូកចូលក្នុងការងារសិល្បៈ​ពិតមែន តែបានឆ្ពោះដល់គោលដៅ ដោយសម្រេចបំណង ក្លាយជាអ្នកផលិតបទចម្រៀងខ្មែរ មិនចម្លងពីបរទេស។ ដោយមានការជំរុញពីអ្នកជុំវិញខ្លួន គួបផ្សំជាមួយនឹង​ចំណង់ចំណូលចិត្ត ស្រឡាញ់សិល្បៈពីកំណើត និង​ការខិតខំប្រឹងប្រែង រកនឹកអ្វីៗដែលថ្មី​ផងនោះ ជំរុញឲ្យតារាវ័យ​ក្មេង ​មានស្រុកកំណើតនៅ កោះកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្ត​កំពង់​ចាម​​រូបនេះ ​បាននិពន្ធបទចម្រៀងឲ្យផលិតកម្មចម្រៀង​ជាច្រើន ដែលសុទ្ធសឹងជាស្នាដៃថ្មី។ ​នេះគឺជាក្ដីស្រមៃរបស់ខ្លួន តាំងពីយូរមកម្ល៉េះ ពោលគឺចង់ក្លាយជា​តារាចម្រៀងឯករាជ្រ មិនចម្លងបទបរទេស។

កូនកំព្រា​ដែលមានងារជា​កវីឈ្នួល លោក ឆេង ទីម៉ា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ឲ្យដឹងថា កាលពីមុន ខ្លួនធ្លាប់និយាយលើកទឹកចិត្តខ្លួនឯងថា ថ្ងៃណាមួយ ខ្លួននឹង​ក្លាយជា​តា​រាច​ម្រៀង​មួ​យរូប ដែល​អាច​ផលិ​តស្នា​ដៃថ្មី​ ដោយ​ខ្លួ​នឯ​ងដោ​យមិ​ន​ចម្ល​ងពី​សាស​ន៍ដទៃ។ លោកបានបញ្ជាក់ថា «ខ្ញុំ​បាន​ត្រៀម​ចេញ​បទ​ចម្រៀង​ ដែល​ជាស្នា​ដៃថ្មី​របស់ខ្ញុំ​ជា​ច្រើនប​ទ ដើម្បីរួមចំណែកក្នុងការលើកស្ទួយ ដល់ការនិពន្ធបទភ្លេងថ្មី និង​ចង់​បម្រើអារ​ម្មណ៍​បង​ប្អូន​មិត្ត​អ្នក​ស្តាប់»

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោកបានផលិតបទចម្រៀងមួយបទ ​មានចំណងជើងថា «ជីវិតធ្លាប់តែកំព្រា» ហើយក៏ទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន ផងដែរ ធ្វើអោយ លោក ឆេង ទីម៉ា កាន់តែមានជំនឿចិត្ត និង​ខិតខំប្រឹងប្រែង ព្យាយាម​ឲ្យកាន់តែខ្លាំង ដោយសារតែការគាំទ្ររបស់ទស្សនិកជន គឺជាកម្លាំងចិត្តមួយ ធ្វើឲ្យខ្លួន​មានកម្លាំងចិត្ត ខំដើរ ឈរជើង នៅលើវិស័យសិល្បៈ​ជាបន្ត ដើម្បីបំពេញចិត្តអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាចង់ឲ្យវិស័យចម្រៀងនៅកម្ពុជា មានអ្នកជួយលើកស្ទួយ និង ជ្រោមជ្រែង​បន្ថែមទៀត។​

គួរបញ្ជាក់ថា លោក ឆេង ទីម៉ា លោកធ្លាប់ប្រឡងចម្រៀងនៅតាមកញ្ចក់ទូរទស្សន៍ MYtv ក្នុងកម្មវិធី «ពេញចិត្តឬអត់» និង​កម្មវិធី​ផ្សេងៗ​ជាច្រើនទៀត៕