(ភ្នំពេញ)៖​ ទីបំផុតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានសម្រេចចិត្តតម្លើងថ្លៃសំបុត្រចូលទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFF Suzuki Cup 2018 ស្របពេលក្រុមរហស្សនាមគោព្រៃកម្ពុជា ត្រៀមបើកទ្វារផ្ទះស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី បើកឆាកពូលA នាថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ នាព្រឹកថ្ងៃសុក្រនេះ សហព័ន្ធបានបញ្ជាក់ថា សំបុត្រចូលទស្សនាកម្ពុជា ប៉ះម៉ាឡេស៊ី គ្រោងនឹងដាក់លក់ផ្លូវការ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាដើមសប្ដាហ៍ក្រោយ ដោយរក្សាសំបុត្រ ២ប្រភេទដដែល តែឡើងថ្លៃបន្ដិច ក្នុងនោះសំបុត្រប្រភេទទី១ មានតម្លៃ ១២,០០០រៀល និងសំបុត្រប្រភេទទី២ មានតម្លៃ ៦,០០០រៀល។

ចំពោះព្រឹត្តិការណ៍ពានរង្វាន់ AFF Suzuki Cup 2018 គឺគ្រោងចាប់ផ្ដើមពីថ្ងៃទី០៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ដោយប្រើប្រាស់រូបមន្ដប្រកួតក្នុងដី និងក្រៅដីចំនួន ១ជើង។ ក្រោយចាប់ពូល ក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូលA ជាមួយវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ខណៈកម្មវិធីប្រកួត គឺកម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ប្រកួត រួមមានជួបម៉ាឡេស៊ី នៅថ្ងៃទី០៨ ខែវិច្ឆិកា និងជួបក្រុមជម្រើសជាតិឡាវ នៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ៕