(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៧នាក់ ដើម្បីចូលរួមប្រកួតកីឡាវាយកូនឃ្លីលើតុចិន-អាស៊ាន ពានរង្វាន់ផ្លូវសូត្រ The Road Silk Cup China-ASEAN Table Tennis Tournament 2018 នៅទីក្រុង Jingxi ប្រទេសចិន នាចុងសប្ដាហ៍នេះ។ ក្រុមប្រតិភូ និងអត្តពលិកកម្ពុជា បានចេញដំណើរចាកចេញពីមាតុភូមិ កាលពីម្សិលមិញ ក្រោមការដឹកនាំរបស់លោក បោយ បញ្ញា មន្ដ្រីសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។

លោក សំ បូរ័ត្ន គ្រូបង្វឹកក្រុមកីឡាវាយកូនឃ្លីលើតុកថ្នាលជម្រើសជាតិកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ គឺមានប្រទេសពីតំបន់អាស៊ានចំនួន ១០ប្រទេស និងមានក្រុមមកពីខេត្តម្ចាស់ផ្ទះចិនចំនួន ៣ ចូលរួម។ ដូច្នេះក្ដីរំពឹងដណ្ដើមមេដាយ គឺមិនមានច្រើននោះទេ សម្រាប់អត្តពលិកកម្ពុជា ព្រោះក្នុងនោះក៏មានវត្តមានក្រុមខ្លាំងៗចូលរួមដែរ ជាក់ស្ដែងមានសិង្ហបុរី ថៃ និងវៀតណាម ដែលជាជើងខ្លាំងប្រចាំតំបន់ ពិសេសគឺក្រុមម្ចាស់ផ្ទះចិន ដែលជាជើងខ្លាំងលើប្រភេទកីឡាវាយកូនឃ្លីលើតុកនេះតែម្ដង។

ដោយឡែកកីឡាការិនី ខៀវ ចិន្ដារ័ត្ន ក៏បានបញ្ជាក់ដែរថា ដោយសារកីឡាវាយកូនឃ្លីលើតុកម្ពុជា នៅរាងក្មេងខ្ចីជាងកេ ហេតុនេះឱកាសប្រជែងមេដាយមានតិចណាស់ តែអ្វីដែលសំខាន់ កីឡាករ-កីឡាការិនីម្នាក់ៗ បានប្ដេជ្ញាចិត្តនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមកិត្តិយសជូនជាតិ ពិសេសគឺការដកស្រង់បទពិសោធន៍ឲ្យបានច្រើនពីម្ចាស់ផ្តះ ដើម្បីយកមកអភិវឌ្ឍន៍ខ្លួន និងវិស័យកីឡាវាយកូនឃ្លីលើតុកម្ពុជាឲ្យមានការរីកចម្រើន។ លើសពីនេះ ពួកគេក៏បានប្ដេជ្ញានឹងខំប្រឹង ដើម្បីយកឈ្នះប្រទេសមួយចំនួន នៃព្រឹត្តិការណ៍អន្ដរជាតិនេះផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អន្ដរជាតិ រៀបចំដោយម្ចាស់ផ្ទះចិននេះ នឹងធ្វើការប្រកួតរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៧-២៨ ខែតុលាខាងមុខ ដោយមានប្រទេសក្នុងតំបន់អាស៊ានចំនួន ១០ និងខេត្តក្នុងប្រទេសចិនចំនួន ៣ ចូលរួម។ ប៉ុន្ដែមុនចេញដំណើរពីកម្ពុជា ប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជា ក៏ទទួលបានការអនុញ្ញាតចូលជួបសំណេះសំណាលជាមួយលោកឧកញ៉ា រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ដែលជាអនុប្រធានសមាគមកីឡាវាយកូនឃ្លីលើតុកអាស៊ី និងជាប្រធានសមាគមកីឡាវាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍កាលពីពេលថ្មីៗផងដែរ៕