(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការអញ្ជើញពីសហព័ន្ធកីឡាបាញ់កាំភ្លើងឡាវ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ៧នាក់ ដើម្បីចូលរួមប្រកួតលក្ខណៈអន្ដរជាតិលើកដំបូង នៅក្នុងព្រឹត្តិការណ៍ Loa IPSC Handgun Championship 2018 នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២៥ ខែតុលាម្សិលមិញ ក្រោមការដឹកនាំរបស់លោក សុខ ខេមរិន្ទ អនុប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ខណៈការប្រកួតគ្រោងចាប់ផ្ដើម នៅថ្ងៃទី២៧ ខែតុលាចុងសប្ដាហ៍នេះ ។

លោក Thomas Bavet គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា នេះគឺជាបេសកកម្មមួយដ៏ល្អ សម្រាប់ក្រុមកីឡាបាញ់កាំភ្លើងកម្ពុជា ដែលនៅក្មេងខ្ចី ដើម្បីដកស្រង់បទពិសោធន៍ ។ លោកថា «ឆ្លងកាត់ការហ្វឹកហាត់ជាង ១ឆ្នាំកន្លងមក កីឡាករកម្ពុជា មានទេពកោសល្យល្អ តែពួកគេខ្វះបទពិសោធន៍ ចឹងការប្រកួតលក្ខណៈអន្ដរជាតិលើកដំពុងនេះ យើងរំពឹងនឹងប្រមូលបានបទពិសោធន៍ល្អៗច្រើន ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»

ទន្ទឹមជាមួយគ្នាកីឡាការិនី វង្ស សុខាវីន ដែលជាម្ចាស់មេដាយមាសកីឡាជាតិ លើកទី២ បានបញ្ជាក់ថា បេសកកម្មនេះ ខ្លួនរំពឹងត្រឹម ៤០% ប៉ុណ្ណោះក្នុងការប្រកួតប្រជែងមេដាយ ព្រោះវាគឺជាបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិលើកដំបូង ។ ប៉ុន្ដែយ៉ាងណាកីឡាការិនីដ៏ស្រស់ស្អាតរូបនេះ បានប្ដេជ្ញានឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមនូវលទ្ធផលមួយដ៏ល្អ សម្រាប់កិត្តិយសជាតិ ទោះបីវាគឺជាលើកដំបូងក៏ដោយ ពិសេសគឺការដកស្រង់បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អប្រសើរតែម្ដង ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Loa IPSC Handgun Championship 2018 នេះ តាមគម្រោងមានអត្តពលិកក្នុងតំបន់អាស៊ានចំនួន ៦ប្រទេសកម្ពុជាចូលរួម ដែលការប្រកួតគ្រោងចាប់ផ្ដើមផ្លូវការ នៅថ្ងៃទី២៧ ខែតុលាខាងមុខ ខណៈសមាសភាពរបស់អត្តពលិកកម្ពុជា ដែលត្រៀមចូលរួម គឺមានកីឡាករ ប្រាក់ ដេវីដ, ថាន ចំរើន, វុធថា ដាវណ្ណ, វង់ ពិសី, កីឡាការិនី វង្ស សុខាវីន, យ៉ែម បារាំង និងកីឡាការិនី ដួង សាមាន៕