(ភ្នំពេញ)៖ រយៈពេលជាច្រើន​ឆ្នាំចុងក្រោយនេះ​ តារាចាស់​​វស្សាមានកេរ្តិ៍ឈ្មោះល្បីល្បាញ លោក ឈឿន ឧត្តម ត្រូវបានគេសង្កេតឃើញថា លោកហាក់​ស្ងប់​ស្ងាត់ បាត់មុខសូន្យឈឹង ​ក្នុង​វិថី​សិល្បៈចម្រៀង ដែលធ្វើឲ្យមហាជន​អ្នក​គាំទ្រ​លោក​ មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង​។ យ៉ាងណាមិញ អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហើបឲ្យដឹង ​ពាក់ព័ន្ធនឹងការ​បាត់​មុខ​ ​ក្នុង​ពិភព​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ គឺដោយសារ​តែ​មាន​​តារា​ចម្រៀង​ស្រករ​ក្រោយ​ច្រើន ទើប​មិន​សូវ​មាន​ការ​អញ្ជើញ​​លោក​ ឲ្យ​ឡើង​តាម​ស្ថានីយ​ទូរទស្សន៍ ស្រប​ពេល​ដែល​លោក​មាន​បញ្ហា​ច្រមុះ និង​បំពង់ក​ទៀត​នោះ ទើប​ការងារ​សិល្បៈ​ស្ងាប់​ស្ងាត់តែម្ដង។

ជាក់ស្ដែង​អ្នកនាង ស៊ិន ឧត្តមផល្លា ដែលជាម្ចាស់​ផេក Movie Star Research បានបង្ហើបឲ្យដឹងអំពី​ជីវិតបច្ចុប្បន្ន របស់តារាចម្រៀងដ៏ល្បីឈ្មោះ គឺលោក ឈឿន ឧត្ដមពី​មូលហេតុនៃការឃ្លាតឆ្ងាយពីសិល្បៈ របស់តារាចម្រៀងរូបនេះ ថា តាមការពិតលោកមិនបានបាត់ទៅណាទេ តែដោយសារតែមានតារាចម្រៀងប្អូនៗ ជំនាន់ក្រោយច្រើន ទើបបានជាមិនសូវមានគេអញ្ជើញលោក ឲ្យឡើងច្រៀងតាមស្ថានីយ៍ទូរទស្សន៍ នឹងម្យ៉ាងទៀតលោកមានបញ្ហាជំងឺ ច្រមុះ និងបំពង់កអស់រយៈ៤ឆ្នាំហើយ ទើបការងារសិល្បៈស្ងប់ស្ងាត់បែបនេះ ទើបតែពេលនេះ លោកបានជាសះស្បើយពីជំងឺ​»។

​អ្នកនាង ស៊ិន ឧត្តមផល្លា បានប្រាប់បន្តថា​ «សព្វថ្ងៃនេះលោកមានវ័យ​៤៣ឆ្នាំហើយ បច្ចុប្បន្ននេះ ក្រៅពីការងារ លោក ឈឿន ឧត្តម នៅតែបន្តអាជីពជាតារាចម្រៀង ប្រចាំភោជនីយដ្ឋាន ពិភពរាត្រី រួមជាមួយតារាចម្រៀងជើងចាស់ ជាច្រើនដួង»

គួររំឭកផងដែរថា លោក ឈឿន ឧត្ដម គឺជាតារាចម្រៀង​ដ៏ល្បីល្បាញ ផ្នែកចម្រៀងមនោសញ្ចេតនា លោកចូលប្រឡូកក្នុងពិភពសិល្បៈនាឆ្នាំ ១៩៩៨ តាមរយៈការប្រឡងចម្រៀង​ក្នុងកម្មវិធី «គន្លងតារា» របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ថិ៍លេខ៥ ដោយលោកទទួលបានជ័យលាភីលេខ ២ និងក្រោយមក លោកមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង នៅ​ក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ​មានដូចជាបទ ​ខ្លាចរកាដែក, ឱបស្រមោល, រនោចខែប្រាំង, ទឹកភ្នែកជនពាល, ទូរស័ព្ទអ្នកណា​? និង ប្រពន្ធនរណាគេហ្ន៎​ ព្រមទាំងបទចម្រៀងល្បី មួយចំនួនទៀត៕