(ម៉ាឌ្រីដ)៖ ក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុង Madrid កំពុងទាក់ទងអ្នកចាត់ការវ័យ ៤៩ឆ្នាំសញ្ជាតិអ៊ីតាលី Antonio Conte ដើម្បីមកជំនួសកន្លែងគ្រូបច្ចុប្បន្ន Julen Lopetegui ក្រោយលោកដឹកនាំមិនសូវបានលទ្ធផលល្អ ដោយកំពុងស្ថិតនៅលេខ៧ ក្នុងតារាងពិន្ទុ La Liga នៅឡើយ ជាមួយនឹងការឈ្នះតែ ៤ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៩ប្រកួតកន្លងទៅនារដូវកាលឆ្នាំ២០១៨-២០១៩ នេះ។

ក្លឹបតោខៀវ Chelsea របស់អង់គ្លេស នឹងបានប្រាក់ប្រមាណ ៩លានផោន ស្មើនឹង ១១.៥៩លានដុល្លារ ប្រសិនបើក្លឹប អេស្ប៉ាញ Real Madrid តែងតាំងលោក Antonio Conte ធ្វើជាអ្នកចាត់ការថ្មី និងជាបេក្ខភាពធំម្នាក់សម្រាប់ក្លឹបផងដែរ។ យ៉ាងណាក្ដីបើតាមការរាយការណ៍ពីសារព័ត៌មាន Metro បានឲ្យដឹងថា Real Madrid នឹងបង់ប្រាក់សំណងជាង ១០លានដុល្លារ ដែលជាផ្នែកមួយនៃកិច្ចសន្យារវាងក្លឹប និងលោក Conte នាពេលកន្លងមក។

Real Madrid កំពុងតែបារម្ភ ព្រោះពួកគេអាចត្រូវប្រជែងយក Conte ប្រសិនបើមានក្លឹបដទៃទៀតចាប់អារម្មណ៍លើលោក Conte ដែលជាគ្រូបង្វឹកសម្បូរបទពិសោធន៍ដឹកនាំការប្រកួតមួយរូបទាំងក្នុងក្លឹបអាជីព និងក្រុមជម្រើសជាតិអ៊ីតាលី៕