(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា ត្រូវបានក្រុមម្ចាស់ទឹកដីថៃ Rachanavy FC យកឈ្នះយ៉ាង ចាស់ដៃ ក្នុងជំនួបមិត្តភាពកាលពីល្ងាចមិញ ជាមួយលទ្ធផល ៥-១ មុនបន្ដជួបក្រុមជើងខ្លាំង Samut Sakhon នារសៀលថ្ងៃទី២៥ ខែតុលានេះ។

នេះគឺជាការប្រកួតមិត្តភាពលើកទី១ ក្នុងចំណោម ៣ប្រកួតរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ក្នុងការបោះជំរុំហ្វឹកហាត់នៅប្រទេសថៃ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ AFF Futsal Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី នាដើមខែវិច្ឆិកាខាងមុខ។ ជាក់ស្ដែងក្រោយជួបក្រុម Rachanavy នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា នឹងបន្ដជួបក្រុម Samut Sakhon មុនប្រកួតចុងក្រោយជាមួយក្រុមជើងខ្លាំង Bangkok City នៅកីឡដ្ឋាន Phutianan Stadium នាថ្ងៃស្អែក។

គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការបោះជំរុំហ្វឹកហាត់នៅថៃ ក្រុមជម្រើសជាតិទីលានតូចកម្ពុជា នឹងត្រូវចូលរួមប្រកួតពានរង្វាន់ AFF Futsal Championship 2018 ចាប់ពីថ្ងៃទី០៥-១១ ខែវិច្ឆិកាខាងមុខ ដោយកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជើងខ្លាំង រួមមានក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈប្រកួតបើកឆាកកម្ពុជា ត្រូវជួបម៉ាឡេស៊ីមុនគេ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ៕