(ភ្នំពេញ)៖ តារាប្រុសលោក ម៉ឺន ឯកសុភារិទ្ធ បន្ទាប់ពីខ្សែភាពយន្តដែលលោក បានចូលរួមសម្តែងមានការផ្ទុះខ្លាំង ដូចជារឿង «សូផាត» និង រឿង «ផ្កាថ្ម»  ដោយទទួលបានការអ្នកគាំទ្រខ្លាំងពីសំណាក់ទស្សនិកជននោះ បច្ចុប្បន្នតារាប្រុសរូបនេះ មានទីផ្សារសិល្បៈមមាញឹកយ៉ាងខ្លាំង ដោយក្តោបក្តាប់តំណែងជាតួឯក ក្នុងភាពយន្តថ្មីដល់ទៅពីររឿង ស្របពេលតែមួយទៀតផង។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ សុភារិទ្ធ បានចូលរួមសម្តែងជាតួឯកក្នុងភាពយន្តថ្មី ដែលជាប្រភេទរឿងឃាតកម្ម កាប់ចាក់វៃគ្នាសាហាវៗ ដោយចាប់ដៃគូជាមួយកញ្ញា បរមី ដែលជាតួអង្គ នាងប៉េឡាក្នុង រឿង «ផ្កាថ្ម» ទៀតផង។ ពិសេសជាងនេះទៅទៀត លោកបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងមានទស្សនិកជនគាំទ្រច្រើន ជាមួយនឹងស្នាដៃថ្មីនេះ។

ទាក់ទងរឿងនេះ ថ្លែងប្រាប់តាមរយៈទូរស័ព្ទកាលពីពេលថ្មីៗនេះ លោក ម៉ឺន ឯកសុភារិទ្ធ បានលើកឡើងយ៉ាងដូច្នេះថា ចំពោះខ្សែភាពយន្តថ្មីគឺរឿង «ព្រឺ» លោកសង្ឃឹមយ៉ាងមុតមាំថា មានទស្សនិកជនគាំទ្រច្រើន ព្រោះក្នុងសាច់រឿងទាំងមូលជាលក្ខណៈរឿង ឃាតកម្ម រន្ធត់ មិនធ្លាប់មានពីមុនមក និងប្លែក ដែលអាចនិយាយបានថា សម្រាប់អ្នកចូលទស្សនាក្នុងរោងកុននាពេលខាងមុន គឺពិតជាមិនស្តាយលុយនោះទេ។ អ្វីដែលសំខាន់ទាំងការសម្តែង ទីតាំងនិងបច្ចេកទេសមានការសម្រិតសម្រាំងខ្លាំង ខណៈរឿងនេះ លោករួមគ្នាចាប់ដៃគូសម្តែងជាមួយនឹង កញ្ញា ប៉េឡា ដែលជាតួអង្គសម្តែងក្នុង រឿង «ផ្កាថ្ម»។

ដោយសារតែសមត្ថភាព រូបសម្រស់ រួមផ្សំជាមួយនឹងទេពកោសល្យខាងសិល្បៈផងនោះ បានធ្វើឱ្យផលិតករជាច្រើនមើលឃើញនូវទឹកដៃនៃសម្តែងរបស់ លោក ម៉ឺន ឯកសុភារិទ្ធ ជាហេតុធ្វើឱ្យតារាប្រុសដួងនេះមានទីផ្សារខ្ពស់ក្នុងប៉ុន្មានខែចុងក្រោយមកនេះ។ លោក បានប្រាប់ថា ការមានទីផ្សារសិល្បៈ ដោយសារតែទីមួយ រាល់ភាពយន្តដែល លោកសម្តែងកន្លងមក ទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដូច្នេះក៏ល្បីតៗគ្នា រួមផ្សំទាំងផលិតករបានមើលឃើញពីទេពកោសល្យរបស់លោក សម្តែងបានល្អផងនោះ។ ទី២ គឺតម្លៃ ដោយសារលោកជាតួអង្គថ្មី អាចនិយាយបានថា ជាតារាពន្លកថ្មី ដូច្នេះចំពោះតម្លៃខ្លួនក្នុងការសម្តែងភាពយន្ត មិនទារថ្លៃដូចតារាជើងចាស់ ជាហេតុចាប់ត្រូវរ៉ូវគ្នាក្នុងការទទួលសម្តែង។ អ្វីដែលពិសេស បន្ទាប់ពីក្តោបក្តាប់តំណែងជាតួឯកដល់ទៅពីរឿងគឺ រឿង «ព្រឺ» និងរឿងមួយទៀត ជាប្រភេទរឿងភាគចាក់នៅប៉ុស្តិ៍ MYTV ហើយនោះ នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ លោក បានគ្រងតំណែងជាតួឯងក្នុងភាពយន្តថ្មី ១រឿងហើយ សម្រាប់ចាកក្នុងប៉ុស្តិ៍ CTN។

តាមរយៈការលេចធ្លោរក្នុងវិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្ននេះ លោក ម៉ឺន ឯកសុភារិទ្ធ មិនត្រឹមតែត្រូវបានទស្សនិកជនគាំទ្រច្រើននោះទេ គឺមានការឡើងកូដខ្លាំងទៀតផង។ ជាចុងក្រោយ លោក បានថ្លែងអំណរគុណដល់ទស្សនិកជនយ៉ាងអនេក ដែលបានគាំទ្រលោកតាំងពីដើម រហូតមក ជាពិសេសតែងតែទស្សនា និងសរសើររាល់ការសម្តែងភាពយន្តរបស់លោក មិនថាលោកសម្តែងជាតួឯក ឬតួអ្វីនោះទេ៕