(ភ្នំពេញ)៖ កីឡាករខ្សែបម្រើមាឌល្អិត អាត អូនតូច បានសម្រេចចេញពីជំរុំសាលាបាល់ទាត់ជាតិបាទី ដើម្បីបានមកចូលរួមជាមួយក្រុមយុវជនក្រោមអាយុ ១៧ឆ្នាំរបស់ក្លឹបវិសាខា ក្នុងលីគកំពូលកម្ពុជាកាលពីពេលថ្មីនេះ។

កីឡាករមានប្រភពចេញពីខេត្តរតគិរីរូបនេះ បានរៀបរាប់ពីហេតុផលដែលចូលរួមជាមួយក្រុមវិសាខាដែលមានលោក ហុក សុជីវន្ត ជាគ្រូបង្វឹកថា «ខ្ញុំមកទីនេះ ដោយសារខ្ញុំមើលឃើញភាពងាយស្រួលក្នុងការហ្វឹកហាត់ រៀនសូត្រ និងមានការគ្រប់គ្រងច្បាស់លាស់ និយាយរួមទៅកន្លងមកនេះ ក្លឹបនេះទើបតែបង្កើតមែន តែមានគុណភាព និងការរៀបចំបានល្អ ដូច្នេះទើបខ្ញុំ សម្រេចចិត្តមកចូលរួមជាមួយវិសាខា»

ខ្សែបម្រើកណ្ដាលវ័យ ១៦ឆ្នាំដដែលបន្ដថា ការចូលលេងជាមួយក្រុម U17 វិសាខា ដោយសារខ្លួនចង់ពង្រឹងមូលដ្ឋានគ្រឹះបាល់ទាត់របស់ខ្លួនឲ្យកាន់តែល្អប្រសើរ ម្យ៉ាងដោយសារខ្លួននៅក្មេង និងមានការជជែកជាមួយក្រុមការងារគ្រូផង អូនតូច ក៏បានកំណត់គោលដៅ ២ឆ្នាំ ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែមជាមួយក្រុម U17 វិសាខា តែរូបគេក៏បានប្ដេជ្ញា និងព្យាយាមហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីសម្រេចគោលដៅ មុនការកំណត់ផងដែរ។

សម្រាប់ អាត អូនតូច ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៦នាក់ដែលផ្ទេរពីសាលាបាល់ទាត់ជាតិបាទី មកកាន់ក្លឹបវិសាខា ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសរំសាយកីឡាករចំនួន ១៦នាក់កាលពីពេលកន្លងទៅក្នុងនោះមានកីឡាករ ៥នាក់ត្រូវចូលរួមជាមួយក្រុមធំ រួមមានកីឡាករ ទៀត គឹមហេង, ទូច គឹមឆាយ, ផុន តៃនិញ, ឡុង ម៉េងហាវ និងអ្នកចាំទី គង់ ពីលត់៕