(ភ្នំពេញ)៖ កីឡាករ ទៀត គឹមហេង បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយបានចូលប្រឡូកអាជីពជាមួយក្លឹបសមាជិកលីគកំពូលកម្ពុជាលើកដំបូង ជាមួយនឹងក្លឹបវិសាខា ហើយរូបគេបានប្ដេជ្ញានឹងខិតខំហ្វឹកហាត់ និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ចិត្តគ្រូបង្វឹក និងក្រសោបឱកាសបានលេងលើទីលាន តែគេមិនផ្ដោតលើការប្រជែងកៅអីជម្រើសដំបូងភ្លាមៗឡើយ។

គឹមហេង បានទទួលស្គាល់ថា ទោះបីបានចំណាយពេល ៥ឆ្នាំជាមួយសាលាបាល់ទាត់ជាតិបាទីពិតមែន ប៉ុន្ដែខ្លួនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នោះទេ ដែលទាមទារឲ្យកីឡាករ ទើបត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសរំសាយទាំងអស់ ត្រូវការខិតខំហ្វឹកហាត់ និងពង្រឹងសមត្ថភាពខ្លួនបន្ថែម ពេលចូលរួមជាមួយក្លឹបរៀងៗខ្លួន។ ជាក់ស្ដែងការចូលរួមជាមួយក្លឹបវិសាខា គឹមហេង បានប្ដេជ្ញានឹងខំហាត់ ក៏ដូចជាដកស្រង់បទពិសោធន៍ពីរាមច្បងឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។

ខ្សែបម្រើវ័យ ១៨ឆ្នាំរូបនេះ បានបន្ដថា «ពាក់ព័ន្ធរឿងកីឡាករ ខ្ញុំអត់ខ្វល់រឿងកីឡាកររាមច្បងមានសមត្ថភាពជាង ឬកីឡាករមកពីណានោះទេ សំខាន់ខ្ញុំបានកំណត់គោលដៅក្នុងចិត្តមួយ គឺត្រូវខិតខំហ្វឹកហាត់ឲ្យអស់ពីសមត្ថភាព និងបញ្ចេញនូវអ្វីដែលខ្លួនមានឲ្យគ្រូបង្វឹកលោកបានឃើញ ហើយក៏គោរពតាមការសម្រេចចិត្តរបស់ខ្ញុំ គឺលោកគ្រូ ហុក សុជីវ័ន ដែរ»។ ដូច្នេះ គឹមហេង បានត្រៀមខ្លួនជាស្រេច ដើម្បីជួយក្លឹបឈរចំណាត់ថ្នាក់លេខ៣ ក្នុងលីគឆ្នាំ២០១៨ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរនារដូវកាលក្រោយ»

សូមបញ្ជាក់ថា ទៀត គឹមហេង បានចេះលេងបាល់ទាត់រយៈពេល ៨ឆ្នាំមកហើយ រួមទាំងការចូលរួមជាមួយក្រុមសាលាបាល់ទាត់ជាតិបាទី កាលពីឆ្នាំ២០១៤។ គឹមហេង គឺជាយុវជនដ៏លេចធ្លោម្នាក់ ក្នុងចំណោមយុវជនជំនាន់ទី១ នៃសាលាបាល់ទាត់ជាតិបាទី ដោយគេធ្លាប់បានចូលរួមជាមួយក្រុមជម្រើសជាតិយុវជនជាច្រើនកម្រិតអាយុទៀតផង។ ប៉ុន្ដែក្រៅពី គឹមហេង ក៏មានយុវជន ៤នាក់ទៀត បានចុះកិច្ចសន្យារួមរស់ជាមួយក្លឹបវិសាខានារដូវកាលថ្មីខាងមុខដែរ រួមមាន ទូច គឹមឆាយ, ផុន តៃនិញ, ឡុង ម៉េងហាង និងអ្នកចាំទី គង់ ពីលត់៕