(ភ្នំពេញ)៖ កីឡាករកម្ពុជា ឃឹម បូរី របស់ក្លឹបអាជីព ណាហ្គាវើល បានកំពុងតែកាន់កំណត់ត្រាក្នុងនាមអ្នកស៊ុតបញ្ចូល ទីបានច្រើនជាងគេក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFF Championships មានដល់ទៅ ៨គ្រាប់ឲ្យកម្ពុជា។

ចាប់ពីឆ្នាំ១៩៩៦ ដែលពានរង្វាន់ AFF Championship ចាប់បដិសន្ធិមក កម្ពុជាបានចូលរួមពុំដែលអាក់ខានឡើយ ក្នុងនោះទាត់បញ្ចូលទីបាន ៥៧គ្រាប់ ហើយរបូតវិញ ១២១គ្រាប់។ ក្នុងចំណោមគ្រាប់បាល់ទាំងអស់របស់កម្ពុជា សមាជិកណាហ្គាវើល ឃឹម បូរី ជាអ្នកបំប៉ោងសំណាញ់បានច្រើនជាងគេ មានដល់ទៅ ៨គ្រាប់ម្នាក់ឯង។ ឆ្នាំ២០១០ វិញ បូរី ធ្វើបាន Hat-trick (ស៊ុតចូល ៣គ្រាប់) ក្នុងជ័យជម្នះ ៤-២ លើទីម័រខាងកើត។

គួរបញ្ជាក់ដែរថា ឃឹម បូរី និងជាអតីតកីឡាករក្រសួងការពារជាតិ និងភ្នំពេញក្រោន បានចូលហាត់បាល់ដំបូលនៅក្លឹបក្រសួងការពារជាតិ ក្នុងអំឡុងឆ្នាំ២០០០ និងជាប់ជម្រើសជាតិពីចន្លោះឆ្នាំ២០០៧ ដល់២០១៥។ ម្យ៉ាងវិញទៀត បូរី ក៏ធ្លាប់ជាម្ចាស់ស្បែកជើងមាសក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០០៨ ដែរ និងត្រូវបានក្លឹបថៃ Sisaket ខ្ចីជើងពីក្លឹបភ្នំពេញក្រោន ក្នុងឆ្នាំ២០១១ ទៀតផង។

ឆ្នាំ២០១២ ក្រោមការដឹកនាំរបស់គ្រូបង្វឹក ហុក សុចិត្រា អតីតសមាជិកក្លឹបថៃ និងភ្នំពេញក្រោន រកបាន១គ្រាប់ឲ្យ ជម្រើសជាតិកម្ពុជា ពេលប្រកួតទល់នឹងប្រ៊ុយណេ ដែលជាគ្រាប់ចុងក្រោយរបស់គេនៅ AFF Suzuki Cup ដែលនាំឲ្យគេក្លាយជាអ្នកទាត់បញ្ចូលទីបានច្រើនជាងគេឲ្យកម្ពុជា៕