(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានត្រៀមបញ្ជូនអត្តពលិកសរុប ២៥នាក់ ដើម្បីចូលរួមប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកប្រចាំទ្វីបអាស៊ី លើកទី៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០២-០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។

លោក អ៊ូ រតនា អនុប្រធានសហព័ន្ធបានឲ្យដឹងថា នេះគឺជាលើកទី៤ ហើយ ដែលសហព័ន្ធកីឡាវ៉ូវីណាមអាស៊ី រៀបចំព្រឹត្តិការណ៍នេះឡើង ប៉ុន្ដែវាគឺជាលើកដំបូងដែលកម្ពុជាបានចូលរួម។ យ៉ាងណាមិញលោកហាក់មានជំនឿចិត្តខ្ពស់ក្នុងបេសកកម្មមួយនេះ ក្នុងការប្រកួតប្រជែងដណ្ដើមបានមេដាយជូនជាតិ បន្ទាប់ពីក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា បានបើកការប្រមូលផ្ដុំហ្វឹកហាត់ជាង ៣ខែកន្លងទៅ។

អនុប្រធានសហព័ន្ធដដែលបានសង្កត់ធ្ងន់ថា «ដោយសារនេះគឺជាបេសកកម្មតំណាងឲ្យជាតិ ដូច្នេះកីឡាករ-កីឡាការិនីចូលរួម ត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ ពោលគឺទាល់តែអ្នកមានសមត្ថភាព និងសង្ឃឹមដណ្ដើមបានមេដាយ ទើបសហព័ន្ធផ្ដល់ឱកាស ព្រោះសហព័ន្ធមិនចង់ចាយលុយរដ្ឋ ឬចំណាយលុយក្រសួងដោយឥតប្រយោជន៍នោះទេ សំខាន់គឺយើងត្រូវការប្រកួតប្រជែងដែលមានគុណភាព និងសមិទ្ធផលត្រឡប់មកវិញ»

គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៨ នេះ តាមគម្រោងនឹងមាន ១៦ប្រទេសចូលរួម ក្នុងនោះសហព័ន្ធកីឡាវ៉ូវីណាមអាស៊ី បានដាក់វិញ្ញាសាចំនួន៣៨ សម្រាប់ធ្វើការប្រកួតប្រជែង ស្របពេលកម្ពុជា ត្រៀមចូលរួមប្រកួតលើ ៣៧វិញ្ញាសា ហើយក៏សង្ឃឹមដណ្ដើមបានមេដាយលើគ្រប់វិញ្ញាសាផងដែរ ពិសេសវិញ្ញាសាប្រយុទ្ធតែម្ដង៕