(អាតែន)៖ ក្លឹបបាល់ទាត់ Bayern Munich ដែលជាក្រុមជើងខ្លាំងរបស់លីគកំពូលអាល្លឺម៉ង់ រកបាន ៣ពិន្ទុក្រោយយកឈ្នះម្ចាស់ផ្ទះ AEK Athens របស់ក្រិក ២-០ ស្របពេលក្រុម Ajax Amsterfam របស់ហូឡង់ ក៏បាន៣ពិន្ទុដែរ ដោយយកឈ្នះភ្ញៀវ Benfica ១-០ នាត្រីថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ ក្នុងក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League ប្រចាំពូល E ជើងទី១។

កីឡាករខ្សែបម្រើប្រយុទ្ធ Martínez រកបាន ១គ្រាប់នាទីទី៦១ និង២នាទីក្រោយមក Robert Lewandowski រកបាន គ្រាប់ទី២ ដែលជាការបញ្ជូនបាល់ពីកីឡាករ Rafinha ដើម្បីបន្ថយសម្ពាធលើគ្រូបង្វឹកបច្ចុប្បន្ន Niko Kovac ដែលកំពុងរងការរិះគន់ថា ដឹកនាំក្រុមមិនសូវបានល្អក្នុងរដូវកាលនេះ។

សម្រាប់ការប្រកួតរវាង Ajax និង Benfica វិញ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Ajax ធ្វើបានដោយកីឡាករ Mazraoui នៅនាទីទី៩០ ដែលជានាទីចុងម៉ោងនៃការប្រកួត ដើម្បីមាន ៧ពិន្ទុស្មើនឹងក្រុមលេខ២ Bayern Munich ក្នុង៣ប្រកួត ឈ្នះ២ដង និងស្មើ១ដង មិនដែលចាញ់ដូចគ្នា៕