(ក្រុងឡុងដ៍)៖ ក្លឹបសេះបង្កង់​ Juventus រកបាន ៣ពិន្ទុក្រោយយកឈ្នះក្លឹបបិសាចក្រហម Manchester United ១-០ ឡើងគ្រប់គ្រងកំពូលតារាងពូល H ដែលការប្រកួតធ្វើឡើងក្នុងកីឡដ្ឋាន Old Trafford ខណៈក្លឹបមេឃខៀវ Manchester City ក៏រកបាន ៣ពិន្ទុបន្តឈរលើកំពូលតារាងពូល F បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះ Shakhtar Donetsk 3-0 នៅក្នុងទឹកដី Oblasny នារាត្រីថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងក្របខណ្ឌ UEFA Champions League 2018-2019 ជើងទី៣។

ក្នុងការប្រកួតរវាងក្លឹប Man Utd នឹងក្លឹប Juventus  គ្រាប់បាល់មួយគ្រាប់នានាទីទី១៧ របស់កីឡាករ Paulo Dybala កើតឡើងដោយការបញ្ជូនបាល់ពីកីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo យ៉ាងណាក៏ដោយ David de Gea ក៏បានសង្គ្រោះបាល់យ៉ាងច្រើនផងដែរ រាប់បញ្ចូលទាំងឱកាសដ៏ល្អពី Ronaldo នៅតង់ទីពីរ ខណៈក្លឹប Man Utd ក៏បានប្រឹងប្រែងស្វែងរកគ្រាប់បាល់ផងដែរតែមិនអាចទម្លុះកំពែងដ៏រឹងមាំពីខ្សែការពារល្អៗ ដូចជា Giorgio Chiellini និង Leonardo Bonucci។

សម្រាប់ការប្រកួតនៅក្នុងទឹកដី Oblasny របស់ក្លឹបម្ចាស់ផ្ទះ Shakhtar Donetsk ក៏ត្រូវបានក្លឹបមេឃខៀវ Man City រកបាន ៣គ្រាប់ដោយកីឡាករខ្សែបម្រើ David Silva នាទីទី ៣០ នឹងកីឡាករខ្សែការពា Laporte នានាទីទី ៣៥ គ្រាដែលគ្រាប់ចុងក្រោយរកបានដោយកីឡាករខ្សែបម្រើ Bernardo Silva នៅនាទីទី ៧០៕