(ភ្នំពេញ)៖ ទោះបីជាបច្ចុប្បន្នហាក់ស្ងប់ស្ងាត់បន្តិចមែនតែ លោក អែនឌី ក៏មានការងារប្រចាំថ្ងៃផងដែរ គឺច្រៀងនៅរង្គសាលជាមួយអ្នកសិល្បៈផ្សេងៗ ដើម្បីជាចំណូលមួយផ្នែក សម្រាប់ក្រពះ។ យើងឃើញថា ថ្មីៗនេះ ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះនូវចម្រៀង Cover មរតកដើមមួយចំនួន ដែលមាន MV សាមញ្ញធម្មតា មិនសិចស៊ីដូចពេលមុន ខណៈសកម្មភាពនេះ ត្រូវបានទស្សនិកជនគិតថា ប្រហែលជាខ្លាចរអានឹងការព្រមានរបស់ក្រសួងហើយ តែផ្ទុយទៅវិញ លោក អែន ឌី បញ្ជាក់ថាវីដេអូចម្រៀងទាំងនេះ មិនមែនមកពីឥទ្ធិពលនៃការព្រមានរបស់ក្រសួងនោះទេ ព្រោះលោក បានផលិតវាតាំងពីមុនក្រសួងចេញសេចក្តីព្រមាន ដោយពុំសួរនាំរូបលោកមកម្ល៉េះ ខណៈលោកផ្ទាល់ ពុំបានទទួលស្គាល់ការព្រមាននោះទេ។

ពាក់ព័ន្ធនឹងចំណាត់ការរបស់ក្រសួងនេះដែរ ថ្លែងប្រាប់ តាមរយៈទូរស័ព្ទ លោក អែនឌី បាននិយាយថា លោកមិនពេញចិត្តចំពោះការព្រមានរបស់ក្រសួងនោះទេ ព្រោះចំណាត់ការមួយនេះប្រៀបបាននឹងការធ្វើតាម តែកាលវិភាគរបស់ក្រសួង ដោយគ្មានការសួរនាំពីសាមីខ្លួន ខណៈលោកប្រកាន់ជំហរថា «ពេលចោទនរណាម្នាក់ជាចោរ ក៏ត្រូវឱ្យគេដឹងថាគេមានកំហុសអ្វី»។ លោកថា ភាពសិចស៊ីដែលមានក្នុង MV គឺលោកបញ្ឈប់យូរមកហើយ ហើយការសិចស៊ីក្នុង MV ក៏លោកធ្វើមិនហួសហេតុដូច តារាជំនាន់ក្រោយនោះដែរ។

លោក អែនឌី បានសង្កត់ធ្ងន់ថា លោកមិនពេញចិត្ត ហើយក៏មិនទទួលស្គាល់ចំពោះការព្រមាននេះទេ ដោយលោកនៅតែប្រកាន់ជំហរថា ការព្រមានរបស់ក្រសួង គឺពុំមានហេតុផល គ្មានការសួរនាំ ហៅលោកទៅសាកសួរមុននឹងអប់រំជាមុនជាដើម។ លើសពីនេះលោកថា «បើក្រសួងចេញលិខិតព្រមាននេះមកហើយ ក៏ចេញទៅ លោកមិនបានទទួលយកលិខិតហ្នឹងអីទាំងអស់ ហើយក៏មិនបានខ្វល់អីដែរ»

ជាចុងក្រោយ តារាចម្រៀងប្រុសរូបនេះ បានថ្លែងអំណរគុណដល់ទស្សនិជន ដែលបានគាំទ្រស្នាដៃលោកកន្លងមក និងសូមឱ្យទស្សនិកជនបន្តគាំទ្រលោកតទៅទៀត ដើម្បីឱ្យលោកមានទឹកចិត្តក្នុងការច្រៀង និងដើរលើវិថីសិល្បៈបន្តទៀត៕