(ភ្នំពេញ)៖ កាលពីពេលកន្លងមក​ គេសម្គាល់ឃើញថា តារាចម្រៀងស្រីស្ថិតនៅក្នុងស្រទាប់យុវវ័យ ពេជ្រ សោភា តែងតែបង្ហោះរូបភាពផ្អែមល្ហែម និង​បង្ហាញទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយគូ​ស្នេហ៍ ដែលជាតារាសម្ដែងរួមសិល្បៈ លោក ឆឹម សក្កដា ជាហូរហែ នៅតាមបណ្ដាញអ៊ិនធឺណេត ហើយជាពិសេសនៅពេលធ្វើដំណើរទៅណាមកណា​ម្ដងៗ អ្នកគាំទ្រ តែងតែឃើញ លោក ឆឹម សក្កដា អមដំណើរ ជាមួយនឹងតារាស្រីរូបនេះ រហូតមក។ ដោយឡែកស្រាប់តែមួយរយៈចុងក្រោយនេះ គូរស្នេហ៍​ដែលធ្លាប់ល្អូកល្អិននឹងគ្នា ពេជ្រ សោភា និង ឆឹម សក្កដា ហាក់មានភាពប្រែប្រួល លែងសូវផ្អែមល្ហែម បង្ហោះរូបភាព​កៀកកើយស្និទ្ធស្នាល​នឹងគ្នា ដូចជាពេលមុន​ទៀត។ ​ក្រោមមូលហេតុមួយនេះ​ធ្វើឲ្យទស្សនិកជន ដាក់ការសង្ស័យថា ស្នេហារបស់អ្នកទាំងពីរ គ្រាន់តែជាស្នេហាបន្លំភ្នែកទស្សនិកជន តែប៉ុណ្ណោះ។

ជាការពិតណាស់ លោក ឈឹម សក្កដា ធ្លាប់បានបង្ហើបថា ដោយសារតែរវល់ការងារសិល្បៈរៀងៗខ្លួន ធ្វើការប្រមូលលុយ​រៀបចំមង្គលការ ក្នុងពេលខាងមុខ ទើបលោកមិនសូវមានពេលជួប និង​បង្ហាញការយកចិត្តទុកដាក់លើតារាស្រី ពេជ្រ សោភា នោះទេ។ យ៉ាងណាមិញ តាំងពីពេលនោះមក ចំណងស្នេហ៍របស់ តារាចម្រៀង ពេជ្រ សោភា និង លោក ឆឹម សក្កដា កាន់តែមានភាពស្ងប់ស្ងាត់ជាងមុន ពោលគឺមិនសូវមានឱកាស​បានមើលថែគ្នា ដូចជាពេលមុនឡើយ។ អ្វីដែលកាន់តែកត់សម្គាល់ មានប្រភពជិតស្និទ្ធនឹងលោក ឆឹម សក្កដា បានខ្សឹបខ្សែវតៗគ្នាថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ គ្រាន់តែជាការសាងស្នេហាក្លែងក្លាយ ​ដើម្បីលើកប្រជាប្រិយភាព របស់ លោក ឆឹម សក្ក​ដា ឲ្យមហាជនស្គាល់ច្រើន ហើយ​គ្រាន់តែជាទំនាក់ទំនងស្នេហា ឆាកល្ខោន តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា តារាចម្រៀង ពេជ្រ សោភា និង លោក ឆឹម សក្កដា គឺជាគូ​ស្នេហ៍សិល្បៈដ៏ផ្អែមល្ហែម​ ដែលបង្ហាញក្ដីស្រឡាញ់គ្នទៅវិញទៅមក តាមរយៈការផ្ដល់ស្នាមថើបដ៏ផ្អែមល្ហែម នាទិវាបុណ្យក្ដីស្រឡាញ់ នៅលើឆាកប្រគំតន្រ្ដី មុខអ្នកគាំទ្រ​ទៀតផង៕