(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជានៅចាំច្បាស់ អតីតបេក្ខភាពក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី ១ លី សុខណេត ដែលជាកូនក្រុមរបស់ ឱក សុគន្ធកញ្ញា ដោយគេសង្កេតឃើញថា ក្នុងរយៈពេលប្រឡង លី សុខណេត ហាក់ទទួលបានការចាប់អារម្មណ៍ និងគាំទ្រមិនធម្មតា តាមរយៈទឹកដមសំឡេងស្អក ដ៏ពីរោះរបស់រូបគេ ប៉ុន្តែយ៉ាងណារូបគេក៏ត្រូវបានជម្រុះចេញពីកម្មវិធី និងស្ងប់ស្ងាត់រហូតមកដល់ពេលនេះ។ យ៉ាងណាមិញ ក្រោយស្ងប់ស្ងាត់មិនមានសកម្មភាពក្នុងសិល្បៈ អស់រយៈមួយខ្យល់ធំមក ស្រាប់តែថ្មីៗនេះ គេបានឃើញអតីតបេក្ខភាព រូបសង្ហាសំឡេងស្អក លី សុខណេត លេចមុខជាថ្មី ចូលប្រឡូកក្នុងការសម្តែង ខ្សែភាពយន្តខ្នាតធំលើកដំបូង ដែលពេលនេះកំពុងដំណើរការថត។
ជាការពិតណាស់ តាមរយៈទំព័រហ្វេសប៊ុក «ឥន្ទ្រីយហ្វីម» បានឲ្យដឹងថា លោក លី សុខណេត បានហក់ចូលការសម្តែងក្នុងរឿង «សង្សារ១៤ថ្ងៃ» ដែលរឿងនេះ ដកស្រង់ចេញពីស្នាដៃនិពន្ធប្រលោមលោក របស់អ្នកនិពន្ធល្បីឈ្មោះ សុខ ចាន់ផល។ ទន្ទឹមគ្នានេះ ក្នុងសាច់រឿង «សង្សារ១៤ថ្ងៃ» អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ១ លោក លី សុខណេត ត្រូវបានគេដឹងថា លោកក្តោបក្ដាប់បានតំណែងសំខាន់មួយ ដោយបានសម្តែងជាតួអង្គ ស្រឡាញ់ភេទដូចគ្នា។ ទាក់ទងនឹងការសម្តែងនេះដែរ លី សុខណេត បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលបានចូលរួមសម្តែងក្នុងរឿងខ្នាតធំនេះ ហើយក៏ជារឿងដំបូងរបស់ខ្លួន។
ជាមួយគ្នានេះ ប្រិយមិត្តទស្សនិកជន លី សុខណេត កន្លងមក បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានដឹងអតីតបេក្ខជន «The Voice» រូបនេះ បានហក់ចូលក្នុងអាជីពសម្តែង បន្ទាប់ពីស្ងប់ស្ងាត់មួយខ្យល់ធំ ពីសិល្បៈទាំងការច្រៀង និងសម្ដែង៕