(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានភ្លើងខៀវ ពីគូស្នេហ៍ជាមន្រ្តីយោធាពាក់ផ្កាយពីរលើស្មា បើកផ្លូវឲ្យចូលក្នុងវិស័យសិល្បៈ វិញរួចមក តារាចម្រៀងបែបយុវវ័យ មានទឹកមុខក្រមិចក្រមើម គួរឲ្យស្រឡាញ់ កញ្ញា ពេជ្រ សូលីកា បានបង្ហាញវត្តមានភ្លែតតែម្ដង ក្នុងផលិតកម្មរស្មីហង្សមាស ជាមួយនឹងអតីតតារារួមទ្រនំ​ជាមួយគ្នា គឺលោក ណុប សម្បត្តិនីកូ ហៅនីកូ ដែលការបង្ហាញមុខនៅពេលនេះ គឺជាលើកទី២ហើយ សម្រាប់ ពេជ្រ សូលីកា នៅក្នុងទ្រនំហង្សមាស។

គេនៅចាំបានថា សម្រាប់តារាស្រីដែលទើបតែ មកលោតហក់ក្នុងវិស័យសម្ដែង និងចម្រៀងឡើងវិញ ពេជ្រ សូលីកា ធ្លាប់បានចូលជ្រកកោន នៅក្រោមដំបូលផលិតកម្មរស្មីហង្សមាស ម្ដងរួចមកហើយ ប៉ុន្តែត្រូវហង្សមាសបញ្ឈប់ទាំងកណ្តាលទី កាលពីឆ្នាំ២០១០​ ខណៈដែលបទចម្រៀងថតសម្តែង ជាមួយលោក ឆន សុវណ្ណរាជ បានចំនួន១វ៉ុល​ (Solo Album) មិនត្រូវបានផលិតកម្មនេះបញ្ចោញឡើយ ពោលគឺរយៈពេលជាង៧ឆ្នាំមកនេះ។

អ្នកតាមដានសកម្មភាពសិល្បៈ បានឲ្យដឹងថា ទោះជាយ៉ាងណា ការឈានជើងមកជាន់ទឹកដីហង្សមាស​សារជាថ្មី របស់ស្រីស្រស់មានសំណាងធំ មានគូស្នេហ៍ជាមន្រ្តីពាក់ផ្កាយ ពេជ្រ សូលីកា នាពេលនេះ នាងមិនទាន់ត្រូវបានហង្សមាស ប្រគល់ឲ្យថតបទចម្រៀងឡើងវិញនោះទេ ដោយរុញស្រីស្អាតនេះ ទៅថតភាពយន្តជាមួយតារាចម្រៀង នីកូ តាមរយៈរឿង «អាពាហ៍ពិពាហ៍ចៃដន្យ» ដោយត្រូវប៉ះជាមួយរៀមច្បងសិល្បៈ គឺអ្នកស្រីឌី សាវ៉េត និងខាត់ សុឃីម ជាដើម។

អ្នកសិល្បៈជាច្រើន ដែលជិតស្និទ្ធ​ជាមួយនាង ពេជ្រ សូលីកា បានឲ្យដឹងថា ស្រីស្អាតរូបនេះមានជំនឿចិត្តយ៉ាងមុតមាំថា នាងនឹងអាចស្តារមុខមាត់នៅហង្សមាស បានជាថ្មីឡើងវិញ នៅពេលដែលភាពយន្តរឿង «អាពាហ៍ពិពាហ៍ចៃដន្យ» ត្រូវបានដាក់បញ្ចាំង នាពេលខាងមុខ។ តែចំពោះថា ពេលណាហង្សមាស នឹងឲ្យនាងចេញចម្រៀងឡើងវិញនោះ គេមិនទាន់ដឹងច្បាស់ឡើយ ព្រោះថាពេលនេះ​ហង្សមាស មានតារាជាច្រើន ដែលខ្លួនត្រូវការទៅហើយ។

ម្យ៉ាងវិញទៀត តារាចម្រៀងក្មេងវ័យ ពេជ្រ សូលីកា គឺជាមិត្តភក្តិដ៏ជិតដិតបំផុតជាមួយនាង ទេព បូព្រឹក្ស ហៅស្រីនិច្ច ហើយពេលដែលនាងចាប់ដៃគូជាមួយ នីកូ នោះ ទីផ្សារតារាយុវវ័យមួយគូនេះ អាចនឹងត្រូវបានគេចាប់អារម្មណ៍ឡើងវិញ ខណៈដែល ទេព បូព្រឹក្ស បាត់បង់ដៃគូចម្រៀង គឺលោក ងួន ចាន់ដេវីត ទៅហើយ។

ប្រភពព័ត៌មានពីអ្នកសិល្បៈ បានលើកឡើងថា ពេជ្រ សូលីកា មិនមានចំណុចក្រោមនាងទេព បូព្រឹក្ស ឡើយ ប្រសិនបើហង្សមាស ចង់លើកស្ទួយនាងសាជាថ្មីវិញនោះ ព្រោះទាំងរូបសម្រស់ ទឹកដមសំឡេង ការសម្តែង​ជាដើម ពេជ្រ សូលីកា ធ្វើល្អជាង ទេព បូព្រឹក្ស ហេតុនេះហើយបានជាមហាជនគិតថា តារាទាំង២ ដួងនេះ អាចនឹងមានការប្រជែងទីផ្សារគ្នាខ្លាំងជាមិនខាន ប្រសិនបើសូលីកា​ ត្រូវបានថៅកែហង្សមាស លើកនាងម្តងទៀតឲ្យល្បី ពោលគឺមិនពិបាកឡើយ៕