(មេនឆែស្ទើ)៖ ក្លឹបមេឃខៀវ Manchester City បន្តឈរលើកំពូលតារាង ក្រោយផ្តួលក្រុមភ្ញៀវ Burnley ៥-០ ក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលឆ្នាំ២០១៨-២០១៩ សប្តាហ៍ទី៩ គ្រាដែលក្លឹប Chelsea ស្មើជាមួយក្លឹប Man Utd ២-២ នឹងក្លឹប Liverpool យកឈ្នះ Huddersfield Town ១-០ កាលពីថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ ២០១៨។

៥គ្រាប់របស់ Man City រកបានដោយកីឡាករ ៥រូបផ្សេងគ្នាផងដែររួមមានកីឡាករ Sergio Aguero នាទីទី១៧ កីឡាករ Bernardo Silva នាទីទី៥៤ កីឡាករ Fernandinho នាទីទី៥៦ កីឡាករ Riyad Mahrez នាទីទី៨៣ និងកីឡាករ Leroy Sane នាទីទី៩០ នៅនាទីចុងម៉ោង។

គួរបញ្ជាក់ផងថា ក្នុងចំណាត់ថ្នាក់ពិន្ទុក្លឹប Man City ឈរលើកំពូលតារាងមាន ២៣ពិន្ទុ ស្មើគ្នាជាមួយក្លឹប Liverpool ដែលឈរនៅលេខ២ គ្រាដែលក្លឹប Chelsea មាន២១ពិន្ទុ ឈរនៅលេខ៣ និងក្លឹប Man Utd មាន ១៤ពិន្ទុ ឈរនៅលេខរៀងទី១០៕