(ភ្នំពេញ)៖ សមាជិកក្រុមហ្វូតសាលជម្រើសជាតិ ធ្វើដំណើរទៅប្រទេសថៃ នឹងបោះជំរំហ្វឹកហាត់នៅក្រុងបាងកក ពីថ្ងៃទី២១ ម្សិលមិញនេះ ដល់ថ្ងៃ២៧ ដើម្បីត្រៀមចូលរួមពានរង្វាន់អាស៊ានឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ២០១៨ ខាងមុននេះ។

ក្នុងរយៈពេលបោះជំរុំហ្វឹកហាត់នេះ ក៏មានការប្រកួតកម្ដៅសាច់ដុំដកស្រង់បច្ចេកទេស និងពួកយើងក៏អាចរៀនសូត្រពីចំណុចខ្វះខាតផងដែរ។ អ្វីដែលសំខាន់ផងនោះ លោក ឃុល ភីរម្យលម្អិត បាននិយាយថា តាមគម្រោងយើងនឹងមានការប្រកួតជាមួយក្រុមហ្វូតសាលនៅលីគកំពូលថៃ ចំនួន៣ប្រកួត។

ជារឿងមួយដែលពិសេសតាមគម្រោងផែនការហ្នឹង គឺយើងចង់ឲ្យពួកគាត់ទទួលបានមេរៀនថ្មី បទពិសោធន៍ថ្មី ព្រោះពួកគាត់មិនទាន់បានបទពិសោធន៍ជាអន្តរជាតិ អ៊ីចឹងនៅពេលពួកគាត់ចេញទៅក្រៅប្រទេស យើងប្រមូលផ្ដុំហ្វឹកហាត់ យើងប្រកួតជាលក្ខណៈមិត្តភាព គឺយើងឲ្យពួកគាត់មានអារម្មណ៍ដូចជា បច្ចេកទេសពួកគាត់លេងជាមួយកីឡាករបរទេស ព្រោះពួកគាត់ធ្លាប់លេងជាមួយក្រុមខ្លាំងៗក្នុងស្រុកមែន តែពួកគាត់មិនទាន់ជួបប្រទេសជិតខាង ជាពិសេសថៃ ដែលពួកគាត់មានលីគដែលល្អៗសម្រាប់ហ្វូតសាលផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមកម្ពុជា ស្ថិតនៅពូល A មានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា។ ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា ប្រមូលផ្ដុំហ្វឹកហាត់ប្រមាណ២សប្ដាហ៍ ខណៈ AFF Futsal Championship ឆ្នាំ២០១៨ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នៅប្រទេសឥណ្ឌូនេស៊ី៕