(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញនូវមោទនភាពជាខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករខ្លួន គឺយុវជន វ៉ាត វណ្ណធុន ក្រោយដណ្ដើមបានមេដាយមាស ១គ្រឿងលើវិញ្ញាសាជាក្រុមចម្រុះជាតិសាសន៍ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន លើកទី៣ នៅប្រទេសអាហ្សង់ទីន ហើយលោកបានចាត់ទុកសមិទ្ធផលនេះ គឺជាគំរូដ៏ល្អសម្រាប់កីឡាករ-កីឡាការិនីថ្នាលជំនាន់ក្រោយរបស់ខ្លួន។

ការអះអាងនេះ បានធ្វើឡើងក្នុងឱកាសទទួលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជា ក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកខាងលើ ហើយធ្វើដំណើរមកដល់កម្ពុជា នារាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក លី កុសល អគ្គហិរញ្ញឹកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានសហព័ន្ធ តំណាងលោករដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកថា «នេះគឺជាសមិទ្ធផលដ៏ធំធេង ហើយក៏ជាគំរូដ៏ល្អសម្រាប់កីឡាករវាយសីដទៃឲ្យកាន់តែខិតខំប្រឹងប្រែងដែរ ព្រោះការឈ្នះមេដាយមាសជាក្រុមចម្រុះជាតិសាសន៍នេះ កើតចេញពីការខិតខំប្រឹងប្រែងខ្លាំងណាស់ ក្នុងចំណោមជាង ២០០ប្រទេសចូលរួម។ ទោះបីមេដាយមាសនេះ មិនស្ថិតក្នុងហ្គេមផ្លូវការ តែវាគឺជាព្រឹត្តិការណ៍ថ្មី និងអស្ចារ្យមួយ សម្រាប់កីឡាវាយសីកម្ពុជា ព្រោះជាព្រឹត្តិការណ៍លំដាប់ពិភពលោក ធ្វើឲ្យខ្ញុំមានសេចក្ដីសោមនស្សរីករាយក្រៃលែង ហើយខ្ញុំសង្ឃឹមថា ស៊ីហ្គេម ឆ្នាំ២០២៣ យើងនឹងខិតខំបណ្ដុះបណ្ដាលថ្នាលបន្ថែមទៀត ដើម្បីដណ្ដើមយកមេដាយមាសជូនជាតិមាតុភូមិរបស់យើង»

ទន្ទឹមជាមួយគ្នាលោក ញ៉ាន សុខវិសាល នាយបេសកកម្ម បានឲ្យដឹងថា មេដាយមាស ដែល វ៉ាត វណ្ណធុន ដណ្ដើមបាននេះ គឺផ្ដើមចេញពីសហព័ន្ធកីឡាវាយសីអន្ដរជាតិ សហការជាមួយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ បង្កើតឲ្យមានវិញ្ញាសារមួយឈ្មោះថា ក្រុមចម្រុះជាតិសាសន៍ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-​កីឡាការិនីវាយសីជុំវិញពិភពលោកធ្វើការប្រកួតប្រជែង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងរឹតចំណងមិត្តភាព តាមរយៈការចាប់ពូលជាក្រុម ក្នុងនោះ វ៉ាត វណ្ណធុន ស្ថិតក្នុងក្រុមអាល់ហ្វា ហើយការប្រកួតប្រជែងពិតជាខ្លាំង តែចុងក្រោយក្រុមរបស់ វណ្ណធុន ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយមាស។

ចំណែក វ៉ាត វណ្ណធុន បានសម្ដែងនូវការសប្បាយរីករាយក្រៃលេង បន្ទាប់ពីខ្លួនបាននាំយកមេដាយមាសកម្រិតពិភពលោកមកជូនជាតិ រួមទាំងថ្នាល់ដឹកនាំ និងគ្រួសាររបស់ខ្លួន ។ វណ្ណធុន និយាយថា «ទោះបីក្រុមខ្ញុំ មានជាតិសាសន៍ផ្សេងៗគ្នា តែចេះយោគយល់គ្នា ជាក់ស្ដែងពេលមិត្តរួមក្រុមប្រកួត ពួកគាត់តែងតែលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយមិនរើសអើងអ្នកខ្លាំងអ្នកខ្សោយ ពោលគឺពួកយើងមានសាមគ្គីល្អមែនទែន ទើបធ្វើឲ្យក្រុមយើងជោគជ័យ។ ខ្ញុំនឹងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីមានឱកាសចូលរួមព្រឹត្តិការណ៍ក្រោយៗ ពិសេសខ្ញុំប្ដេជ្ញាខំប្រឹងដណ្ដើមមេដាយស៊ីហ្គេម នាឆ្នាំ២០២៣ តែម្ដង»

គួរបញ្ជាក់ថា បេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិកយុវជន លើកទី៣ នៅប្រទេសអាហ្សង់ទីន ដោយមានអត្តពលិកសរុប ២០៥ប្រទេសចូលរួមនេះ កម្ពុជាបានបញ្ជូនអត្តពលិកខ្លួន ៣នាក់លើ ៣ប្រភេទកីឡាទៅចូលរួម គឺកីឡាហែលទឹក ចំបាប់ និងកីឡាវាយសី ដែលបានចេញដំណើរតាំងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២១ ខែតុលា។ ជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿង ដោយកីឡាករវាយសី វ៉ាត វណ្ណធុន លើវិញ្ញាសាជាក្រុមចម្រុះជាតិសាសន៍ ហើយតាមគម្រោងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏កំពុងរៀបចំសំណើរ ដើម្បីស្នើរប្រាក់រង្វាន់លើកទឹកចិត្តដល់រូបគេផងដែរ៕