(ភ្នំពេញ)៖ តារាចម្រៀងមានទីផ្សារសិល្បៈគួរសម ​ត្រូវបានគេដឹងថា ជាអតីតបេក្ខក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី៣ គឺលោក វង្ស ថាណាន់ បច្ចុបប្បន្នហាក់មមាញឹក នឹងការអាជីពជាតារាចម្រៀង ទោះលោកមិនទទួលបានជោគជ័យ ក្នុងការប្រឡងកម្មវិធីលំដាប់ពិភពលោកនេះក្តី។ តាំងពីបានចាប់ដៃគូជាមួយ កញ្ញា គង់ កែវមរកត ក្នុងការច្រៀងចម្រៀងឯករាជមក តារារូបនេះ តែងលេចមុខលេចមាត់ជាហូរហែ ក្នុងកម្មវិធីសិល្បៈតូចធំនានា។ យ៉ាងណាមិញ លោក វង្ស ថាណាន់ នៅតែមានបំណងប្រាថ្នា  ក្រៅពីអាជីពជាតារាចម្រៀង គឺលោកចង់ក្លាយជាតារាសម្តែង ដ៏មានប្រជាប្រិយភាពម្នាក់ ទៅថ្ងៃអនាគត។

ពាក់ព័ន្ធនឹងរឿងរ៉ាវទាំងនេះ ថ្លែងប្រាប់តាមរយៈបទសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក​របស់តារា» តារាប្រុសម្ចាស់បទ «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» លោក វង្ស ថាណាន់ បាននិយាយថា ​បច្ចុប្បន្នលោក គឺជាតារាចម្រៀងឯករាជមួយដួង ដែលបានចាប់ដៃគូច្រៀងជាមួយ កញ្ញា គង់ កែវមរកត ខណៈរាល់កម្មវិធីសិល្បៈតាមបណ្តាស្ថានីយទូរទស្សន៍ផ្សេង ឬតាមបណ្តាខេត្ត គឺលោក​តែងតែឡើងច្រៀងជាមួយ កញ្ញា គង់ កែវមរកត តែម្តង​។

ដោយមហិច្ឆតា​ក្នុងវិស័យសិល្បៈ និងចង់ធ្វើអ្វីដែលថ្មី ព្រមទាំងចង់អភិវឌ្ឍន៍សមត្ថភាព​ផងនោះ លោក វង្ស ថាណាន់ បាននិយាយថា «​នៅថ្ងៃអនាគត ខ្ញុំមានបំណងប្រាថ្នាចង់ក្លាយជា តារាសម្តែងភាពយន្តមួយរូប ក្នុងនោះតួអ្វីក៏ខ្ញុំធ្វើដែរ តែក្នុងនោះតួដែលខ្ញុំចូលចិត្តបំផុត គឺតួទឹកភ្នែក កម្សត់ជាដើម..!»។   

ដោយឡែកការចាប់ដៃគូជាមួយ កញ្ញា គង់ កែវមរកត ដែលកំពុងក្លាយជាមន្ទិលមួយចំពោះទស្សនិកជន ថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសនឹងគ្នានោះ ត្រូវបានលោក វង្ស ថាណាន់ បញ្ជាក់ប្រាប់ ក្នុងកម្មវិថី «អាថ៌កំបាំងក្រៅឆាក​របស់តារា» ថា «លោក និងកញ្ញា គង់ កែវមរកត គ្មានទំនាក់ទំនងអ្វីនឹងគ្នាលើសពីដៃគូសិល្បៈទេ ខណៈមូលហេតុដែលលោក ចាប់ដៃគូជាមួយ​ គឺដោយសារនាងជាអតីតបេក្ខជនប្រឡង ក្នុងកម្មវិធីចម្រៀង «Cambodian Idol» ជាមួយគ្នា។ លើសពីនេះ នាងបានចរិតលក្ខណៈត្រឹមត្រូវ តស៊ូក្នុងការងារ មានភាពស្មោះត្រង់ រួមផ្សំនឹងទឹកដមសំនៀងរបស់នាងពីរោះរណ្តំផងនោះ ដូច្នេះបានចាប់ដៃគូច្រៀងជាមួយគ្នាតែម្តង»

លោក​សង្កត់ធ្ងន់ថា «បើឲ្យលោកមានទំនាក់ទំនងលើសពីនេះ គឺអត់ទេ ព្រោះកញ្ញា គង់ កែវ មរកត នៅក្មេង អ្វីដែលសំខាន់​លោកមានម្ចាស់បេះដូងរួចហើយ​ ខណៈគូស្នេហ៍របស់លោកគឺជានិសិ្សតមួយរូប និងជាអ្នកចម្រៀងដូចគ្នាទៀតផង ប៉ុន្តែលោក វង្ស ថាណាន់ មិនបានប្រាប់នោះទេ ថាជាតារាចម្រៀងរូបណា គឺលោកគ្រាន់តែបង្ហើបប៉ុណ្ណឹង»