(ភ្នំពេញ)៖ ក្រុមអាណាចក្របៃតង បានគ្រងតំណែងជើងឯកពានរង្វាន់ “សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន” រដូវកាលទី២ ទៀតហើយ បន្ទាប់ពីយកឈ្នះក្រុមធីអិនកណ្ដាល ដោយលទ្ធផល ១-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើទីលានពហុកីឡដ្ឋានជាតិយប់មិញ។ ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា និងជាប្រធានក្រុមទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃកម្ពុជា។

ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញនេះ តង់ទី១ ក្រុមទាំងពីរ មិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ លុះចូលតង់ទី២ នៅនាទី៦៥ ទើបមានការស៊ុតបំបែកពងមាន់ពីក្រុមអាណាចក្របៃតង ដែលធ្វើសម្រេចដោយកីឡាករ លឹម ចាន់ភាព ក្រោយទទួលបាល់បញ្ជូនយ៉ាងល្អពីកីឡាករ ស៊ុន សុវណ្ណដេត ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ បន្ទាប់ពីក្រុមធីអិនកណ្ដាល ដែលទើបឡើងវគ្គផ្ដាច់ព្រ័ត្រ ព្យាយាមវាយបក តែមិនបានសម្រេច ធ្វើឲ្យពួកគេទទួលបានត្រឹមជើងឯករង។

ក្រោយបញ្ចប់ការប្រកួតលោករដ្ឋមន្ដ្រី វង សូត បានវាយតម្លៃខ្ពស់ ចំពោះក្រុមចូលរួមទាំង ២១ក្រុម ដែលបានបង្ហាញនូវការប្រកួតប្រជែងប្រកបដោយ Fair-Play ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមនីមួយៗ នឹងបង្កលក្ខណៈកាន់តែល្អប្រសើរ ដើម្បីត្រៀមចូលរួមការប្រកួតរដូវកាលថ្មី និងផ្ដល់ឱកាស ក៏ដូចជាបំផុសយុវជនចូលរួមលេងកីឡាកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ ក្នុងទិសដៅកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលឆ្ពោះទៅត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣។

លោករដ្ឋមន្ដ្រីបន្ដថា «ការបង្កើតពាននេះ មិនត្រឹមតែបំផុសចលនាយុវជនឲ្យចូលចិត្ត និងស្រលាញ់វិស័យកីឡានោះទេ បំណងសំខាន់មួយទៀត គឺការចែករំលែកនូវបទពិសោធន៍ ពិសេសមិនយកពេលវេលាទំនេរពីការសិក្សា និងការងារ ទៅប្រព្រឹត្ដអំពើអបាយមុខផ្សេងៗ។ ជាក់ស្ដែងឆ្នាំនេះ យើងបានសម្រេចនូវសមិទ្ធិផលល្អៗមួយចំនួន ដូចជាមានក្រុមចូលរួមច្រើន បង្កឱកាសឲ្យយុវជនបានស្គាល់គ្នា រឹតចំណងមិត្តភាព សាមគ្គីភាព និងការបណ្ដុះគំនិតឲ្យក្មេយៗចេះស្រលាញ់វិស័យកីឡាកាន់តែច្រើន»

ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លោករដ្ឋមន្ដ្រីក៏បាននាំយកនូវថវិកា ១ម៉ឺនដុល្លារឧបត្ថម្ភបន្ថែមលើការរៀបចំអាហាសាមគ្គី និងក្រុមជ័យលាភីផងដែរ ដូចជាក្រុមជើងឯកអាណាចក្របៃតង ទទួលបានប្រាក់រង្វាន់ពីគណៈកម្មការ ៣២លានរៀល និងប្រាក់ឧបត្ថម្ភបន្ថែម ២ពាន់ដុល្លារ, ក្រុមជើងឯករង ធីអិនកណ្ដាល ទទួលបានប្រាក់រង្វាន់ ២០លានរៀល និងប្រាក់រង្វាន់ឧបត្ថម្ភ ១ពាន់ដុល្លារ និងក្រុមលេខ៣ ពិស្ណុការ ទទួលបានប្រាក់រង្វាន់ ១៤លានរៀល និងប្រាក់ឧបត្ថម្ភ ១ពាន់ដុល្លារ។

ដោយឡែកក្រុមលេងមានក្រមសីលធម៌ល្អជាងគេ(Fair-Play) បានទៅក្រុមពិស្ណុការ ទទួលបានប្រាក់រង្វាន់ ៦០ម៉ឺនរៀល ស្របពេលអ្នកចាំទីល្អ បានទៅកីឡាករ ហាន់ មាន របស់ក្រុមអាណាចក្រប៉ៃតង និងកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ គឺកីឡាករ នុត ស៊ីនួន របស់ក្រុមធីអិនកណ្ដាល រកបាន ១២គ្រាប់ទទួលបានប្រាក់រង្វាន់ ២លានរៀលដូចគ្នា៕