(ភ្នំពេញ)៖ ក្រោយពីចាកចេញ ពីផលិតកម្មរស្មីហង្សមាស​ជាផ្លូវការ ពីសំណាក់តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ហៅ G-Devith ស្រាប់តែធ្លាយព័ត៌មានដ៏រសើបមកថា តារាចម្រៀងរូបនេះ ត្រូវបានផលិតកម្ម ថោន​ បើកភ្លើងខៀវ ចាំទទួលស្វាគមន៍យ៉ាងរីករាយ ខណៈផលិតកម្ម​ថោន កំពុងតែមានគោលដៅពង្រឹងតារាចម្រៀង និងផលិតកម្មរបស់ខ្លួន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ​ចម្រៀង ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

​យោងតាមប្រភពព័ត៌មាន ពីអ្នកដឹកនាំសម្តែង នៅក្នុងផលិតកម្ម ថោន ម្នាក់ បានបង្ហើបប្រាប់ឲ្យដឹងថា ផលិតកម្មដ៏ធំលំដាប់ទី២ បន្ទាប់ពីហង្សមាស​មួយនេះ រង់ចាំស្វាគមន៍ តារាចម្រៀង ងួន ចាន់ដេវីត គ្រប់ពេលវេលាទាំងអស់ ប្រសិនបើតារាចម្រៀងរូបនេះ ប្តូរចិត្តមិនចង់ច្រៀងក្នុងផលិតកម្ម ហើយចង់ចូលជ្រកនៅផលិតកម្មរបស់ខ្លួន​ ព្រោះថា ដេវីដ ល្បីស្រាប់ និងអាចមានសមត្ថភាព អាចធ្វើបទភ្លេង និងចម្រៀងដោយខ្លួនឯងបាន។ ហេតុនេះហើយផលិតក​ម្ម ថោន ត្រូវការតារាបែបនេះ ទៅពង្រឹងផលិតកម្មរបស់ខ្លួន ឲ្យកាន់តែរឹងមាំថែមទៀត។

គេនៅចាំបានថា ងួន ចាន់ដេវីត បានដើរចេញពីផលិតកម្មហង្សមាស​តែម្នាក់ឯង ទាំងមិនគួរឲ្យជឿ​ និងគ្មានស្ដាយស្រណោះ បន្ទាប់ពីតារាចម្រៀងរូបនេះ បានផ្លាស់ប្តូរជីវភាពយ៉ាងឆាប់រហ័ស ពេលដែលល្បីឈ្មោះ នៅផលិតកម្មហង្សមាស​​។ យ៉ាងណា ងួន ចាន់ដេវីត ធ្លាប់បានអះអាងប្រាប់​ថា រូបគេមិនមានការសោកស្តាយអ្វីឡើយ នៅពេលដែលខ្លួនលែងជាអ្នកចម្រៀង របស់ហង្សមាស​​ ព្រោះថា​អំឡុងពេលច្រៀងនៅហង្សមាស ជាង២ឆ្នាំនោះ រូបគេរកបានប្រាក់ច្រើន គួរសមដែរមកហើយ។

​តាមការអះអាងកន្លងមក លោក ងួន ចាន់ដេវីត ​បានបញ្ជាក់យ៉ាងច្បាស់ថា ការហើរចេញពីផលិតកម្មហង្សមាស គឺរូបគេ​នឹងមិនទៅចូលរួម ជាមួយផលិតកម្មណាទាំងអស់ ពោលគឺសុខចិត្ត ធ្វើជាតារាចម្រៀងច្រៀងឯករាជ្យ ដោយធ្វើបទចម្រៀងខ្លួនឯង នឹងចេញចម្រៀងតាម Page និងតាម Youtube វិញ។ ដូច្នេះដំណឹងនៃការបើកភ្លើងខៀវ របស់ផលិតកម្ម ថោន ហាក់មិនទាន់ស្ថិតនៅក្នុងការពិចារណា ក្នុងកម្រិតណាមួយនៅឡើយ ពីសំណាក់លោក G-Devith ខណៈដែលមានតារាចម្រៀង​ល្បីៗ ជាច្រើនដួងមកហើយ ដែលបានរត់ចេញពីទ្រនំ ហង្សមាស ​ចូលមកជ្រកក្នុងទ្រនំ ផលិតកម្ម ​ថោន៕