(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើល ក៏ដូចជាតក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង ខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញ​សាកសព ដែលត្រូវគេយកទៅចងព្យួរនៅកន្លែងទេសចរណ៍មួយកន្លែង ​ស្ថិតនៅក្នុងតំបន់ព្រៃលិចទឹក​កំពង់ភ្លុក។ ពាក់ព័ន្ធនឹងរឿងនេះ​អាជ្ញាធរឃុំកំពង់ភ្លុក ​ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក គុជស៊ាក់ សិរីវត្ថានា ក៏បានចេញមុខបដិសេធ ចំពោះសាកសពដែលត្រូវបានគេយក ទៅចងព្យួរជាប់នឹងដើមឈើ ទាំងនោះ ថាជាសាកសពក្លែងក្លាយ ដែលក្រុមថតកុនរបស់ផលិតកម្មថោន យកទៅចងព្យួរ ដើម្បីជាការសម្ដែងតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្ដី អាជ្ញាធរបានស្នើ​ឲ្យខាងផលិតកម្ម ថោន រួមជាមួយនិងលោក K01 ដែលបានផ្សាយព័ត៌មានមិនពិត ដោយលើកឡើងថា ជាសាកសពត្រូវគេរំលោភសម្លាប់ រួចយកមកចងព្យួរ ដើម្បីបំបិទភស្តុតាង ចេញមុខមកបកស្រាយជាបន្ទាន់ ​ពាក់ព័ន្ធ​នឹងរឿងរ៉ាវខាងលើនេះ ជៀសវាងធ្វើឲ្យមានការភាន់ច្រឡំ កាន់តែខ្លាំង ពីសំណាក់មហាជន និងអ្នកទេសចរណ៍ ដែលបានទៅកម្សាន្ត នៅតំបន់នោះ។

​អាជ្ញាធរ ឃុំ កំពង់ភ្លុក បានប្រាប់ឲ្យដឹងថា «យើងខ្ញុំក្នុងនាមជាអាជ្ញាធរឃុំកំពង់ភ្លុក សូមបញ្ជាក់ថា រូបភាពដែលបងប្អូនភ្ញៀវជាតិ និងអន្តរជាតិ បានឃើញសាកសពក្លែងក្លាយ ដែលក្រុមថតកុនរបស់ផលិតកម្មថោន យកមកចងព្យួរក្នុងព្រៃគុបកំពង់ភ្លុក គ្រាន់តែជារូបភាពក្នុងការសម្តែង​ទេ សូមកុំយល់ច្រឡំ​​ ហើយសូមឲ្យផលិតកម្មថោន និងលោក K01  ចេញមុខបកស្រាយជាបន្ទាន់​។ សូមបងប្អូនដែលស្រឡាញ់តំបន់កំពង់ភ្លុក ជួយ Share ឲ្យដល់ផលិតកម្មថោន និងលោក K01 ឃើញផង»

គួរបញ្ជាក់ថា ថ្មីៗនេះ ប្រជាពលរដ្ឋ ជាពិសេស​អ្នកទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរទៅកម្សាន្ត នៅក្នុងតំបន់ទេសចរកំពង់ភ្លុក បានប្រទះឃើញនូវសាកសពដែលត្រូវបានគេយកទៅចងព្យួរនៅជាប់នឹងដើមឈើ នៅក្នុងព្រៃគុប(ព្រៃលិចទឹក) កំពង់ភ្លុក ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ និងបានស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ ដោះស្រាយជាបន្ទាន់ លើករណីនេះ៕