(ភ្នំពេញ)៖ ពិធីករពូកែ​ក្រមិចក្រមើម ប្រចាំទូរទស្សន៍ហង្សមាស លោក សាន់ វិសាល មួយរយៈចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា លោកហាក់បាត់មុខ លែងធ្វើ​ជា​ពិធីករ​នៅក្នុង​​កម្មវិធី ប្រឡងសមត្ថភាព​ទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក «Cambodian Got Talent» រដូវកាលទី២ ខណៈដែល​តំណែងរបស់លោក ត្រូវបានជំនួសដោយ ពិធីករប្រុស​លោក រ៉ាស៊ី វិញ។  ស្រាប់តែថ្មីៗនេះ លោក សាន់ វិសាល បានប្រកាសប្រាប់ពីមូលហេតុ ដែលបណ្ដាលឲ្យលោកអវត្តមាន ជាពិធីករនៅក្នុងកម្មវិធី Cambodian Got Talent រដូវកាលទី២ ក្នុងវគ្គ Live Show ដោយសារ​តែលោកជួបនូវបញ្ហាសុខភាព មិនអាចបំពេញការងារបាន ពោលគឺលោក កំពុងឆ្លងកាត់ការវះកាត់ នៅក្នុងមន្ទីរពេទ្យរបស់ប្រទេសថៃ អស់រយៈពេលមួយរយៈមកហើយ ដែលដំណឹងនេះ ធ្វើឲ្យទស្សនិកជន មានការព្រួយបារម្ភយ៉ាងខ្លាំង ផងដែរ។

​យោងតាមគណនីហ្វេសប៊ុក របស់ លោក សាន់ វិសាល បាន​បង្ហោះ​សារ​យ៉ាងដូច្នេះថា «​​ខ្ញុំ​ឆ្លងកាត់​ការវះកាត់ ​អស់​ប៉ុន្មាន​អាទិត្យ​នេះ​រួចរាល់​ហើយ ព្រោះតែ​ជំងឺ​ខ្ញុំ​មិនអាច​បំពេញ​ការ​ងារបាន ​មិនយូរ​មិនឆាប់​យើង​នឹង​បាន​ជួបគ្នា​ហើយ​។ សូមទោស​ដែល​មិនបាន​ជួប​និង​ធ្វើការ​ ជាមួយ​បេក្ខជន​ទាំងអស់​ក្នុង​វគ្គ live show រ​ដូវ​កាល​ទី​២ នេះ​សូម​ចូលរួម​គាំទ្រ ​អ្នកមាន​សមត្ថភាព​ទេពកោសល្យ​ ជា​បន្ត​ក្នុង​កម្មវិធី Cambodia Got Talent លើ​កញ្ចក់​ទូរទស្សន៍ហង្ស​មាស hdtv​»​។

គួរបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងរឿងរ៉ាវនេះ​ លោក សាន់ វិសាល មិនបាន​បង្ហើបឲ្យដឹងទេ​ថា​ លោក​មាន​ជំងឺ​អ្វី​នោះទេ​ ដោយ​លោកគ្រាន់តែ​ប្រាប់ឲ្យដឹងថា​ ពេលនេះ​លោក​កំពុង​វះកាត់ នៅ​មន្ទីរពេទ្យ​មួយ​កន្លែង នៅក្នុង​ប្រទេស​ថៃ​​។ ជាមួយគ្នានេះដែរ ក៏មានប្រិយមិត្តទស្សនិកជន ជាពិសេសអ្នកគាំទ្រជាច្រើន បានសម្ដែងនូវការព្រួយបារម្ភ ព្រមទាំងជូនពរលោក ឲ្យឆាប់ជាសះស្បើយពីជំងឺ និងបានវិលត្រឡប់ មកបំពេញការងារវិញ ឆាប់ៗផងដែរ​៕