(ភ្នំពេញ)៖ គុនខ្មែរកីឡាករ ពេជ្រ ម្ទេសខ្មាំង អាចមានសិទ្ធិទៅប្រកួតនៅមីយ៉ាន់ម៉ា (ភូមា) ម្តងទៀតក្នុងកម្មវិធី WLC (World Lethwei Championship) ក្រោយពីបានវាយឈ្នះកីឡាករម្ចាស់ផ្ទះ កាលពីពេលកន្លងទៅ។

ខាងមីយ៉ាន់ម៉ា បានបង្ហាញថា កីឡាករគុនខ្មែររូបនេះអាចស្ថិតក្នុងចំណោមកីឡាករល្អបំផុតលើប្រភេទទម្ងន់ ៥៧ ទៅ ៦០គីឡូក្រាម គ្រាដែលកម្មវិធីខាងលើបានជ្រើសយកកីឡាករ ៤រូបដែលធ្វើការប្រកួតបានល្អជាងគេ ហើយក្នុងនោះក៏កីឡារកព័រទុយហ្គាល់ Antonio Faria ឈរនៅលេខ១ កីឡាករកម្ពុជា ពេជ្រ ម្ទេសខ្មាំង ស្ថិតនៅលេខ ២ ខណៈកីឡាករមីយ៉ាន់ម៉ា ២រូប ស្ថិតនៅលេខ៣ និងលេខ៤ គឺកីឡាករ Mite Yine និង Pha Kyaw Hae។

គួរបញ្ជាក់ដែរថា ពេជ្រ ម្ទេសខ្មាំង បានល្បីល្បាញនៅសង្វៀន WLC នេះ ក្រោយយកឈ្នះកីឡាករ Mite Yine ដោយពិន្ទុកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨៕