(ម៉ាឌ្រីដ)៖ ថ្នាក់ដឹកនាំក្លឹបអេស្ប៉ាញ Real Madrid ត្រូវបានរាយការណ៍ថា បានកំពុងសម្លឹងរកជម្រើសគ្រូបង្វឹកថ្មីបណ្ដើរៗហើយ ស្របពេលគ្រូបច្ចុប្បន្ន Julen Lopetegui ប្រឈមនឹងការបណ្ដេញចេញ ប្រសិនមិនអាចកែប្រែស្ថានការណ៍របស់ក្លឹបបានក្នុងពេល ៣ប្រកួតទៀតទេ។

លោក Antonio Conte ឈរលើគេ ក្នុងចំណោមសមាសភាពគ្រូថ្មីដែលថ្នាក់ដឹកនាំ Real Madrid ប្រាថ្នា និងត្រូវបានជឿថា បានចាប់ផ្ដើមទាក់ទងបណ្ដើរៗហើយ។

សារព័ត៌មានអ៊ីតាលី Corriere dello Sport ចុះផ្សាយថា លោក Lopetegui នៅសល់ឱកាស ៣ប្រកួតទៀត ដើម្បីសង្គ្រោះតំណែងរបស់ខ្លួន ក្រោយចាប់ផ្ដើមរដូវកាលដំបូងរបស់ខ្លួននៅ Santiago Bernabeu មិនរលូនល្អ។ ប្រភពបន្តថា លោក Conte ត្រូវបានទាក់ទងជាបឋម ដើម្បីដឹងថាលោកចាប់អារម្មណ៍ការងារនៅ Real Madrid ដែរឬទេ។

សូមបញ្ជាក់ថា Real Madrid ក្រោមការដឹកនាំរបស់លោក Lopetegui បានចាញ់៣ដង និងស្មើ១ដង​ក្នុង៤ប្រកួតចុងក្រោយក្នុងគ្រប់ពានរង្វាន់ ដោយចាញ់ក្រោមថ្វីជើង Sevilla, CSKA Moscow និង Alaves និងស្មើ Atletico Madrid។ ៣ប្រកួតបន្ទាប់របស់ Real គឺទទួល Levante ក្នុងក្របខណ្ឌ La Liga ថ្ងៃសៅរ៍ ទី២០ ខែតុលា, ទទួល Victoria Plzen ក្នុងពាន Champions League ថ្ងៃទី២៣ ខែតុលា និងប្រកួត El Clasico លើកដំបូងប្រចាំ រដូវកាល នៅទឹកដី Barcelona ថ្ងៃទី២៨ ខែតុលា។ បច្ចុប្បន្នពួកគេកំពុងឈរលេខរៀងទី៤ ក្នុង La Liga មាន១៤ពិន្ទុ នៅពីក្រោមក្រុមកំពូលតារាង Sevilla ចំនួន២ពិន្ទុ និងក្រោមក្រុមលេខ២ និងលេខ៣ Barcelona និង Atletico Madrid ១ពិន្ទុ៕