(ស្វីស)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានដាក់បម្រាមចំពោះក្លឹប Rubin Kazan របស់ប្រទេសរុស្ស៊ីមិនឲ្យចូលរួមប្រកួតពានរង្វាន់អឺរ៉ុប Champions League ឬ Europa League ឡើយសម្រាប់ ២រដូវកាលខាងមុខនេះ ដោយសារពួកគេបានបំពានបញ្ញត្តិក្នុងច្បាប់កំហិតការចាយវាយ Financial Fair Play (FFP)។

ក្លឹបរបស់រុស្ស៊ីមួយនេះបានឈានដល់ដំណោះស្រាយជាមួយ UEFA ក្រោយល្មើសច្បាប់ពីដំបូង។ ប៉ុន្តែបន្ទាប់មក ពួកគេបានបំពានដំណោះស្រាយនោះទៀត ដែលនាំឱ្យ UEFA បើកការស៊ើបអង្កេតថ្មី។ ច្បាប់កំហិតការចាយវាយ Financial Fair Play ត្រូវបានតាក់តែងឡើងដើម្បីបញ្ឈប់ក្លឹបនានាពីការចាយវាយលើសចំណូល។

ជាទូទៅ ដំណោះស្រាយចំពោះក្លឹបដែលបានបំពានច្បាប់ FFP គឺដោយការទទួលយកការរឹតបន្តឹងលើការផ្ទេរកីឡាករ និងទំហំកីឡាករក្នុងក្រុម ក្នុងពេលកំណត់ជាក់លាក់មួយ។ ក្លឹប Rubin Kazan ត្រូវបានបង្កើតឡើងកាលពី៦០ឆ្នាំមុន និងបានលេងក្នុងលីគកំពូលរុស្ស៊ីលើកដំបូងក្នុងឆ្នាំ២០០៣ ហើយបានឈ្នះជើងឯកក្នុងរដូវកាលឆ្នាំ២០០៨-២០០៩។

ក្នុងប៉ុន្មានរដូវកាលចុងក្រោយនេះ Rubin ដែលមានផ្ទះនៅ Kazan ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុតលំដាប់ទី៦ របស់រុស្ស៊ី ទទួលបានកៅអីលេងពានទ្វីបអឺរ៉ុបជាប្រចាំ។ ក្លឹបនេះមានកីឡាករអាស៊ី២នាក់ គឺខ្សែប្រយុទ្ធ Sardar Azmoun ដែលត្រូវបានហៅថា «Messi អ៊ីរ៉ង់» និងខ្សែបម្រើ U23 អ៊ីរ៉ង់ Reza Shekari៕