(ម៉ាឌ្រីដ)៖ នៅក្នុងក្របខណ្ឌបាល់ទាត់លីគកំពូលរបស់អេស្ប៉ាញ La Liga រដូវកាលឆ្នាំ២០១៨-២០១៩ បានចាប់ផ្តើមដំណើរការតាំងពីខែសីហា ក៏មានក្លឹបខ្លះធ្វើបានល្អ និងក្លឹបខ្លះទៀត ដុនដាបមែនទែន។ ដោយសារកត្តានេះហើយ ទើបសារព័ត៌មាននៃប្រទេសស្ថិតនៅអឺរ៉ុបមួយនេះបានដាក់ការសន្និដ្ឋានថា នឹងមានគ្រូបង្វឹកចំនួន ៣នាក់យ៉ាងតិច ទំនងជាអាចត្រូវក្លឹបបណ្តេញចេញនៅមុនបញ្ចប់រដូវកាលនេះ។

១៖ លោក Julen Lopetegui ដែលត្រូវបានលោក Florentino Perez ជាម្ចាស់ក្លឹប Real Madrid បញ្ចុះបញ្ចូលឲ្យចាកចេញពីក្រុមជម្រើសជាតិអេស្ប៉ាញ មកដឹកនាំក្រុមអធិរាជស ក្រោយការចាកចេញរបស់លោក Zinedine Zidane។ Lopetegui ពេលមកដឹកនាំ Real Madrid នៅថ្ងៃបើករដូវកាលថ្មី បានធ្វើនាំ Real Madrid ដើរផ្លូវអាម៉ាស ដែលមិនធ្លាប់មានក្នុងរយៈពេលប្រមាណ ២០ឆ្នាំ ដោយលេងបាន ៨ប្រកួត ឈ្នះ៤ ចាញ់២ ស្មើ២ និងមានតែ ១៤ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ៤ នៃតារាង La Liga ថែមទាំងមិនអាចស្វែងរកកីឡាករណាម្នាក់ មកជំនួស Cristiano Ronaldo ដែលបានផ្លាស់ទៅក្លឹប Juventus ថែមទៀតផង។

២៖ លោក Ernesto Valverde ជាគ្រូបង្វឹកក្លឹបអ្នកមានបុណ្យ FC Barcelona បាននាំក្លឹបនៅតំបន់ Catalan ចាប់ផ្តើម រដូវកាលថ្មីយ៉ាងល្អ ប៉ុន្តែ៣ប្រកួតក្រោយនេះ Barcelona ធ្វើមិនបានល្អទាល់តែសោះ ទោះបីជាស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងចំណាត់ថ្នាក់ La Liga សប្តាហ៍ទី៨ ក៏ដោយ។ ប្រព័ន្ធលេងរបស់លោក Valvarde ហាក់ដូចជាកំពុងធ្វើឲ្យសមាជិករបស់ក្លឹបមិនពេញចិត្ត ព្រោះនៅក្នុងការប្រកួតជាមួយ Athletic Bilbao គ្រូបង្វឹករូបនេះអាចបន្តនៅបាន ប្រសិនបើគាត់ចេះប្តូរទម្រង់លេងឲ្យប្រសើរឡើងវិញ។

៣៖ លោក Eduardo Berrizo ជាគ្រូបង្វឹកក្លឹប Athlectic Bilbao ប្រហែលជានៅមិនបានយូរទេ នៅពេលដែលបើករដូវកាលថ្មី ក្លឹបមួយនេះ បានធ្លាក់ទៅដល់ចំណាត់ថ្នាក់លេខ១៧ លេងបាន ៧ប្រកួត ឈ្នះ១ដង ចាញ់២ដង និងស្មើ ៤ដង រកបានតែ៧ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ប្រសិនបើលោក Eduardo Berrizo អាចប្តូរស្ថានភាពនេះបាន នោះលោកអាចរក្សាតំណែងនៅក្នុងកីឡដ្ឋាន San Mames មុនពេលចប់រដូវកាលឆ្នាំ២០១៨-២០១៩ នេះ៕