(ភ្នំពេញ)៖ លោក ថៃ ប៊ុននាង ត្រូវបានគេស្គាល់ថាតារាសម្តែងនិងក៏ ជាអ្នកនិពន្ធ អ្នកដឹកនាំរឿង ដែលធ្លាប់ទទួលបានការគាំទ្រជាច្រើន ពីសំណាក់ទស្សនិកជន។ បច្ចុប្បន្នតារាប្រុសដ៏ប៉ិនប្រសព្វ មានទេពកោសល្យរូបនេះ ហាក់មានភាពស្ងប់ស្ងាត់នឹងវិស័យសិល្បៈ ស្ទើរតែធ្វើឱ្យទស្សនិកជនភ្លេចមុខបាត់ទៅហើយ។ ទាំងនេះ បានក្លាយជាចម្ងល់មួយ ធ្វើឱ្យគ្រប់គ្នាគិតថា ប្រហែលជា ថៃ ប៊ុននាង ឈប់ពីសិល្បៈបាត់ទៅហើយ។ ផ្ទុយពីការគិតរបស់ទស្សនិកជន លោក ថៃ ប៊ុននាង មិនបានឈប់ពីវិស័យសិល្បៈ ដែលធ្វើឱ្យលោកល្បីមកដល់សព្វថ្ងៃនោះទេ គឺគ្រាន់តែមានការរយាលដៃមួយរយៈប៉ុណ្ណោះ ព្រោះមានវិវាទមួយចំនួន (លោកសុំមិននិយាយ ចំពោះវិវាទនេះ) នៅក្រុមហ៊ុនលោកធ្វើការ ដែលធ្វើឱ្យប៉ះពាល់ដល់ការងារសិល្បៈ។ លើសពីនោះ លោក ថៃ ប៊ុននាង ក៏មានគម្រោងនឹងផលិតស្នាដៃភាពយន្តចំនួនពីរទៀតផង ដើម្បីប៉ះប៉ូវដល់ទស្សនិកជន ដែលរង់ចាំស្នាដៃលោកកន្លងមក។

លោក ថៃ ប៊ុននាង ដែលត្រូវបានគេដឹងថា ជាកូនប្រុសធម៌របស់ចាងហ្វាងផលិតកម្ម «ចក្រវាលពេជ្រភាពយន្ត» លោកស្រី ថុង ស៊ីវទៀង បាន អោយដឹងតាមរយៈកិច្ចសន្ទនាតាមទូរទស្សន៍ថា «ស្នាដៃភាពយន្តដែលលោក គ្រោងនឹងផលិតនេះ គឺមានចំនួនពីររឿង។ រឿងមួយផលិតឱ្យប៉ុស្តិ៍ទូរទស្សន៍ ដែលជាប្រភេទស្នេហា កាច់កុងគ្នា ដណ្តើមប្តីប្រពន្ធគេ ច្រណែនឈ្នានីស ស្នេហាយុវវ័យ និងមានលាយកំប្លែងជាដើម និងរឿងមួយផ្សេងទៀត ជាប្រភេទភាពយន្តខ្នាតធំ សម្រាប់ធ្វើការចាក់បញ្ចាំងតាមរោងកុន ភាពយន្តខ្នាតធំនោះ ត្រូវបានលោក ថៃ ប៉ុននាង និយាយថា ជាប្រភេទរឿងភ័យរន្ធត់ ព្រឺព្រួច មានខ្មោចលងជាដើម»។  

ក្រៅពីការងារផ្ទាល់ខ្លួន លោក ថៃ ប៊ុននាង បានរៀបរាប់ពីទំនាក់ទំនងរវាងលោកនិងម្តាយធម៌ផងដែរ ក្នុងនោះលោកនិយាយថា «ទោះពីមុនធ្លាប់មានវិវាទនឹងគ្នាក៏ពិតមែន តែបច្ចុប្បន្នអាចដោះស្រាយគ្នាបានហើយ។ ដោយឡែកមកងាកមកមើលសុខភាពរបស់ម្តាយធម៌ គឺ លោកស្រី ថុង ស៊ីវទៀង វិញ គឺមិនសូវល្អនោះទេ ដោយលោកស្រីកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្រនៅប្រទេសថៃ ដោយសារជំងឺគ្រោះក្នុងប្រមាត់។ តែបច្ចុប្បន្នលោកស្រីបានវិលមកប្រទេសវិញហើយ គ្រាន់តែថាសុខភាពខ្សោយជាងមុន ៤០ភាគរយ»

ជាចុងក្រោយ តារាប្រុសដែលមានប្រជាប្រិយភាព លោក ថៃ ប៊ុននាង បានផ្តាំផ្ញើរដល់ទស្សនិកជនថា ចំពោះវិស័យសិល្បៈគឺ លោកមិនបោះបង់ចោលនោះទេ ដរាបណាមានទស្សនិកជនគាំទ្រ លោកនៅតែមានវត្តមានជានិច្ច។ លោកសង្ឃឹមថា ទស្សនិកជននៅបន្តគាំទ្រលោកតទៅទៀត ជាពិសេសគាទ្រស្នាដៃខ្សែភាពយន្តថ្មី ដែលលោកគ្រោងនឹងផលិតនាពេលខាងមុខតែម្តង៕