(ភ្នំពេញ)៖ តារាចម្រៀងប្រុស និយមលេងស្ទីលដូចតារាកូរ៉េ  លោក នីកូ ត្រូវបានគេសម្គាល់ឃើញថា លោកទទួលបានការគាំទ្រជាបន្តបន្ទាប់ ពីសំណាក់ទស្សនិកជន តាមរយៈ​សំឡេងដ៏មានទឹកដម ពោរពេញទៅដោយមនោសញ្ចេតនា។ យ៉ាងណាមិញ លោក នីកូ ​តែងតែក្ដោបបានពាណិជ្ជកម្មធំៗនៅក្នុងដៃ ខណៈថ្មីៗនេះ លោកបាន​​ចុះហត្ថលេខា​ក្លាយជា​ Brand Ambassador (អ្នកតំណាង) ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ ​ដ៏​ល្បី​មួយ​នៅ​ប្រទេស​ចិន មានឈ្មោះថា «ZTO Express»​។​

តារាចម្រៀង​​​ស្ថិតក្នុង​ដួង​យុវវ័យ លោក នី​កូ បានឲ្យដឹងថា លោក​បាន​ក្លាយជា​អ្នក​តំណាងឲ្យ​ក្រុមហ៊ុន «ZTO Express» ដែលមាន​សេវាកម្ម​ផ្ញើ ទំនិញ​ពី​ប្រទេស​ចិន ទៅកាន់​ប្រទេស​នានា និង​ជា​ក្រុមហ៊ុន​ដ៏​ល្បី​មួយ​នៅ​ចិន​។ នី​កូ បាន​សម្ដែង​អារម្មណ៍​រំភើប និង​សប្បាយរីករាយ​ខ្លាំង​មែនទែន ​ដែល​បាន​ក្លាយ ជាអ្នក​តំណាងឲ្យក្រុមហ៊ុន​ខាងលើ។

ជាក់ស្ដែង ម្ចាស់​បទ «​ថ្ងៃបែកគ្នា» រូបនេះ​ លើកឡើងនៅក្នុងគណនីអ៊ីនស្តាក្រាម របស់ខ្លួនថា «​​ខ្ញុំ​រីករាយ​ដែល​បាន​ក្លាយជា Brand Ambassador របស់​ក្រុមហ៊ុន​ដ៏​ល្បី​ នៅ​ប្រទេស​ចិន ZTO express»​។ ជាមួយគ្នានេះ គេ​កត់សម្គាល់ឃើញ​ មាន​បណ្ដា​អ្នកគាំទ្រ ​របស់​តារា​ប្រុស នី​កូ ជាច្រើន បាន​ចូលរួម​អបអរសាទរ​ ដល់​រូបលោកផងដែរ​។

គួរបញ្ជាក់ថា លោក ​នី​កូ ជា​តារាចម្រៀងប្រុសមួយដួង ​​ដែលតែងតែ​ក្ដោបក្ដាប់​បានការ​ស្រឡាញ់​ចូលចិត្ត​យ៉ាងច្រើន ពី​សំណាក់មិត្តៗ​យុវវ័យ ​គ្រប់​ស្រទាប់ ​តាមរយៈ​ទឹកដម​សំឡេង​របស់ខ្លួន ជាពិសេស​តាមរយៈ​រូបរាង​ដ៏​ស្រស់​សង្ហា​​របស់លោក ​បាន​ចងចិត្ត​នារីៗ​ជាច្រើន​ ឲ្យលង់​ស្នេហ៍​លោក​ដកចិត្តស្ទើរមិន​រួចថែមទៀតផង៕