(ភ្នំពេញ)៖ កីឡាករម៉ូតូទឹក សាលី អ៊ូមើត នឹងធ្វើដំណើរទៅប្រទេសចិន ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី World Championship ឆ្នាំ២០១៨។

កីឡាករម្ចាស់មេដាយមាសនៃព្រឹត្តិការណ៍ Asian Games ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ីបានបន្តថា នេះជាការប្រកួតដណ្តើមប្រាក់រង្វាន់ និងមេដាយជូនកម្ពុជាបន្តទៀត ខណៈកម្មវិធីការប្រកួតនេះពីមុនអាចជាគម្រោងធ្វើនៅប្រទេសឥណ្ឌាតែត្រូវបានរំសាយវិញ ហើយក៏បានបន្តមកធ្វើការប្រកួតក្នុងប្រទេសចិន ដោយមានការចូលរួមពីកីឡាករជាច្រើនប្រមាណជា ៤០ ទៅ ៥០ប្រទេស និងកម្ពុជាមាន ២រូបដែរគឺ សាលី អ៊ូមើត និងប្អូនប្រុសជីដូនមួយរបស់គេ ដោយសង្ឃឹម ៨០% ថានឹងទទួលបានមេដាយ ស្របពេលចិន កំពុងមានអាកាសធាតុត្រជាក់ខ្លាំង។

សម្រាប់វិញ្ញាសាប្រកួតក្នុងប្រភេទកីឡាម៉ូតូទឹក កីឡាកររូបនេះបានបន្តថា វាអាស្រ័យទៅលើស្ថានភាពទឹក និងការបត់បែនដោយប្រើជំនាញផ្ទាល់ខ្លួន ក្នុងប្រភេទម៉ូតូទឹកតែមួយ គ្រាដែលរូបគេបានមកកម្ពុជាគឺដើម្បីបន្ត Visa ទើបរូបគេមិនមានពេលហ្វឹកហាត់គ្រប់គ្រាន់ ដោយបានត្រឹមតែហ្វឹកហាត់នៅកន្លែងហាត់ប្រាណធម្មតាក្នុងកម្ពុជា ទើបរូបគេសង្ឃឹម ៨០% គ្រាដែលរូបគេនឹងធ្វើការប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នេះ៕