(ភ្នំពេញ)៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានបន្ដបង្ហោះសារគួរឲ្យសង្ស័យលើទំព័រហ្វេសប៊ុករបស់ខ្លួនទៀតហើយ ស្របពេលអ្នកគាំទ្រកំពុងមានមន្ទិលលោកអាចមកដឹកនាំក្រុមមួយ នៃលីគកំពូលកម្ពុជា ពិសេសសារចុងក្រោយកាលពីថ្មីៗ លោកហាក់បង្ហាញតម្រុយកាន់តែច្បាស់ក្នុងការត្រឡប់មកប្រកបអាជីពនៅកម្ពុជា តាមរយៈពាក្យថា ថ្ងៃណាមួយលោកនឹងជួបអ្នកគាំទ្រកម្ពុជាម្ដងទៀត។

តាមរយៈសារលើបណ្ដាញសង្គមកាលពីដើមសប្ដាហ៍នេះ លោក Leonardo បានសរសេរថា «ថ្ងៃនេះ ខ្ញុំបានទទួលរូបភាពអនុស្សាវរីយ៍នេះ ពីក្នុង Facebook។ ខ្ញុំមិនដែលភ្លេចអ្នកគាំទ្រកម្ពុជា ជាពិសេសអ្នកគាំទ្រពិតៗចំពោះខ្ញុំ និងការងាររបស់ខ្ញុំ និងសូមអរគុណខ្លាំងណាស់ ដែលទាំងនេះបានក្លាយជាគ្រួសារទី២ របស់ខ្ញុំ សូមអរគុណសម្រាប់សារគាំទ្រ ហើយថ្ងៃណាមួយយើងនឹងជួបគ្នាម្តងទៀត។ ពីខ្ញុំ គ្រូបង្វឹក Leonardo Vitorino»

នេះគឺជាសារមួយ ក្នុងចំណោម២ ដែលគេជឿជាក់ថា បុរសជនជាតិប្រេស៊ីលនេះ នឹងត្រឡប់មកកម្ពុជា បន្ទាប់ពីលោកបានបញ្ចេញសារទី១ កាលពីដើមខែតុលានេះ ដោយសរសេរជាភាសារអង់គ្លេស អមដោយភាសាខ្មែរថា «ខ្ញុំសូមជូនដំណឹងថា ខ្ញុំបានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្ញុំកាលពីម្សិលមិញជាមួយក្លឹបរបស់ខ្ញុំនៅទីនេះ នៅប្រទេសប្រេស៊ីល ព្រោះខ្ញុំនឹងផ្លាស់ទៅខាងអាស៊ីវិញ។ មិនយូរប៉ុន្មានខ្ញុំនឹងជូនដំណឹងដល់អ្នកគ្រប់គ្នានូវទិសដៅថ្មីរបស់ខ្ញុំ»

គួរបញ្ជាក់ថា លោក Leonardo គឺជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា តែដោយសារដឹកនាំក្រុមមិនទទួលបានលទ្ធផលសមប្រកប ស្របពេលមានអ្នកគាំទ្រមួយចំនួនបានរិះគន់ចំពោះលទ្ធផល អំឡុងពេលលោកដឹកនាំ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសចែកផ្លូវជាមួយលោក ហើយផ្ដល់ឱកាសឲ្យលោក ប្រាក់ សុវណ្ណារ៉ា ដឹកនាំបន្ដ មុនសហព័ន្ធប្រកាសតែងតាំងលោក Keisuke Honda ធ្វើជាអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាកាលពីពេលថ្មីៗ៕