(ភ្នំពេញ)៖ ម្ចាស់មេដាយមាស Asian Games 2018 កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត នឹងចូលរួមប្រកួតប្រជែង​ក្នុងពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ នៅខេត្តកោះកុងនាពេលមុខនេះ។

អ៊ូមើត នឹងជួបកីឡាករម្ចាស់មេដាយមាសប្រចាំទ្វីបអាស៊ី មកពីប្រទេសឥណ្ឌូនេស៊ី និងថៃជាដើមក្នុងព្រឹត្តិការណ៍ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ចុងឆ្នាំ ខណៈរូបគេទើបតែដណ្តើមបានមេដាយមាស ១គ្រឿង និងសំរិទ្ធ ១គ្រឿងផងដែរពីយុទ្ធនាការ Asian Games ឆ្នាំ២០១៨ ដែលមានឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះ ជាមួយនឹងមេដាយប្រាក់ ១គ្រឿងទៀត ពីការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក។

សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា គ្រោងរៀបចំការប្រកួតមិត្តភាពអន្តរជាតិមួយក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង នាខែធ្នូ ឆ្នាំ២០១៨ ដែលប្រជុំដោយម្ចាស់មេដាយមាសទ្វីបអាស៊ីនៅប្រទេសឥណ្ឌូនេស៊ីកន្លងទៅចូលរួមផងដែរ។

ប្រធានសហព័ន្ធម៉ូតូទឹកកម្ពុជាក៏បានឲ្យដឹងដែរថា ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរ និងចង់បង្ហាញអំពីសក្តានុពលកីឡាម៉ូតូទឹកកម្ពុជា ឲ្យមហាជនបានស្គាល់ផងនោះ សហព័ន្ធនឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិមួយក្នុងពិធីបុណ្យសមុទ្រ ដែលមានរយៈពេល ៣ថ្ងៃនាខែធ្នូ ចុងឆ្នាំ២០១៨នេះ៕