(ភ្នំពេញ)៖ ទោះបីជាកន្លងមកតារាចម្រៀងស្រីកញ្ញា សួស វីសា ធ្លាប់បានប្រកាសជាផ្លូវការថា ទំនាក់ទំនងរបស់នាង និងលោក ថមមី គ្មានអ្វីក្រៅពីមិត្តល្អនឹងគ្នា និងបដិសេធចំពោះដំណឹងថា អ្នកទាំងពីរត្រៀមចូលរោងការនឹងគ្នាក៏ដោយ តែទស្សនិកជននៅតែដាក់ការសង្ស័យមិនចេះចប់មិនចេះហើយដដែល។ មូលហេតុគឺ ជារឿយៗអ្នកតាមដានតារាក្នុងស្រុក តែងតែឃើញវីដេអូដែល លោក ថមមី បានលេងក្នុងបណ្តាញសង្គមឈ្មោះថា  «TikTok» បង្ហាញកាយវិការផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក ស្ទើរតែធ្វើឱ្យអ្នកមើលលើសជាតិស្កទៅហើយ។ ទោះយ៉ាងណាក្តី លោក ថមមី ផ្ទាល់មិនបានបញ្ជាក់ប្រាប់ទស្សនិកជននោះទេ ថាទំនាក់ទំនងលោក និងសួស វីសា ដល់កម្រិតណា ដោយគ្រាន់តែប្រាប់ថាយ៉ាងខ្លីថា «ចាំមានដំណឹងពិសេសចាំប្រាប់ឱ្យច្បាស់»

ពាក់ព័ន្ធនឹងរឿងដ៏រសើប និងទស្សនិជនកំពុងអន្ទះសារចង់ដឹងគ្រប់គ្នានេះ លោក ថមមមី ថ្លែងប្រា យ៉ាងដូច្នេះថា «ចំពោះរឿងនេះ លោកសុំមិននិយាយ ព្រោះមិនទាន់ដល់ពេល តែដល់ពេលគង់តែដឹងទាំងអស់គ្នាទេ»

លោក ប៊ុនថុល ប៊ុនថង ហៅថមមី ដែលត្រូវបានគេដឹងថា គឺជាតារាភាពយន្តមួយរូប ដែលមានទីផ្សារសិល្បៈកាក់កបខ្លាំងនៅ ពេលបច្ចុប្បន្នបានរៀបរាប់យ៉ាងហូរហែពីការងារសិល្បៈរបស់លោក ក្នុងនោះលោកនិយាយថា បច្ចុប្បន្នការងារសិល្បៈរបស់លោក មានភាពមមាញឹកយ៉ាងខ្លាំង បន្ទាប់ពីបានបញ្ចាប់ការសម្តែងរឿង «មន្តស្នេហ៍អនុសេនីយ៍» និងរឿង «បញ្ចាប់ស្នេហ៍ត្រឹមអូន»។ តារាប្រុសដែល ក្តាប់តំណែងបានតួឯកស្ទើរគ្រប់រឿងរូបនេះបានបន្ថែមថា បច្ចុប្បន្នមានស្ថានីយទូរទស្សន៍ចំនួន ៣ទៀតហើយ ទាក់ទងមកឱ្យលោកចូលរួមសម្តែង ខណៈនេះកំពុងស្ថិតក្នុងការពិចារណា។ លើសពីនេះ លោកក៏កំពុងធ្វើពិធីករក្នុងកម្មវិធីកំសាន្តមួយឱ្យ ស្ថានីយន៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ផងដែរ។

ការពិតណាស់ ទស្សនិជនធ្លាប់តែឃើញតារារូបនេះ មានវត្តមានក្នុងវិស័យសិល្បៈតែប៉ុណ្ណោះ តាមពិត លោក ថមមី ក៏មានជំនួញផ្ទាល់ខ្លួនមួយដែរ ក្រៅពីការងារសិល្បៈ គឺមានកន្លែងផលិតទឹកសុទ្ធ ដោយចូលហ៊ុនជាមួយបងប្រុស ក្នុងនោះលោក និយាយថា លោកកំពុងមានរបរមួយ គឺចែកចាយទឹកសុទ្ធ ដែលមានការចូលហ៊ុនគ្នាជាមួយបងប្រុស។ ក្នុងនោះ លោកបានបើកកន្លែកមួយសម្រាប់ផលិតទឹកសុទ្ធ ដោយផ្ទាល់ផងដែរ។

ជាចុងក្រោយ តារាប្រុស ដែលត្រូវបានទស្សនិកជននាំគ្នានិយាយថា ជាគូស្នេហ៍ដ៏ផ្អែមល្ហែមរបស់តារាស្រី ក្នុងផលិតកម្មហង្សមាស សួស វីសា បានថ្លែងអំណគុណយ៉ាងខ្លាំង ដល់ទស្សនិកជន ដែលបានគាំទ្ររូបលោក ពីដើមរហូតមក។ ហើយលោក សង្ឃឹមថាទស្សនិកជននឹងបន្តគាំទ្រលោកតទៅទៀត លើសពីនេះលោកនឹងព្យាយាមធ្វើការងារសិល្បៈឱ្យបានច្រើន ដើម្បីបម្រើអារម្មណ៍ទស្សនិកជន៕