(ភ្នំពេញ)៖ តារាសម្ដែង លោក ឈួន ពន្លឺ និងជាម្ចាស់ហាង «សាន់ ឡាយ​» កាលពីថ្មីៗនេះ បានឆេះដុំក្ដៅស្លឹកត្រចៀក និងបានដៀលដល់នារីម្នាក់ ខណៈដែលនារីម្នាក់នោះ ដែលត្រូវបានគេស្គាល់ថា មានគណនីហ្វេសប៊ុកឈ្មោះថា នេង មន្នីរាជ្យ បានជំពាក់ថ្លៃផឹកស្រា មិនព្រមសង រហូតធ្វើឲ្យលោក ឈួន ពន្លឺ ទ្រាំលែងបានចេញមុខ ដៀលចំៗ ព្រមទាំង បន់ផ្សងកើតជាតិណាៗសូមកុំឲ្យជួបនារីបែបនេះ។

ដោយយោងតាម គណនីហ្វេសប៊ុករបស់លោក ឈួន ពន្លឺ ផ្ទាល់បានសរសេរសារបង្ហោះ ដោយភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹក ព្រមទាំងមានអត្ថន័យយ៉ាងដូច្នេះថា «កើតជាតិណាៗ កុំអោយជួបមនុស្សថោកបែបនេះ ផឹកស៊ីអត់សងលុយ ហើយដៀលឯងទៀត»

តាមរយៈរឿងរ៉ាវពាក់ព័ន្ធទៅនឹងរឿងជំពាក់លុយថ្លៃផឹកស៊ីមិនព្រមសងពីសំណាក់នារីម្នាក់ ដែលមានឈ្មោះថា នេង មន្នីរាជ្យ និងលោក ឈួន ពន្លឺ នេះផងដែរ ក៏មានមហាជនជាច្រើន បានសម្ដែងនូវការឈឺឆ្អាល និងចង់ឲ្យនាង នេង មន្នីរាជ្យ ចេញមុខបកស្រាយចំពោះរឿងមួយនេះថា រឿងដែលលោក ឈួន ពន្លឺ បានទម្លាយនោះពិតឬយ៉ាងណា? ជាមួយគ្នានេះ បើជារឿងពិត មហាជនចង់ឲ្យនាងចេញមុខដោះស្រាយ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់នាងផ្ទាល់ កុំឲ្យស្អុយរលួយ ព្រោះតែរឿងផឹកស៊ីបែបនេះ ​ជាពិសេសនោះ គឺបានឆាប់បញ្ចប់ជម្លោះរវាងនាង និងលោក ឈួន ពន្លឺ ផងដែរ។

បើផ្អែកតាមប្រភពព័ត៌មានពីអ្នកសិល្បៈ បានបង្ហើបឲ្យដឹងថា ស្រ្តីម្នាក់នោះបានមកធ្វើខួបកំណើតរបស់ខ្លួន នៅក្នុងហាងរបស់លោក ឈួន ពន្លឺ ដែលមានឈ្មោះថា «សាន់ ឡាយ​» អស់រយៈពេលជាច្រើនថ្ងៃមកហើយ ប៉ុន្តែមិនបាន សងថ្លៃអាហារ និងភេសជ្ជៈដល់ម្ចាស់ហាង នៅឡើយទេ ទើបធ្វើឲ្យតារាសម្ដែងរូបនេះ កើតទុក្ខមិនសុខចិត្ត ក៏ទម្លាយឈ្មោះជាសាធារណៈបែបនេះតែម្ដង។ តែយ៉ាងណា គេនៅមិនទាន់ដឹងថា តើស្រ្តីម្នាក់នោះពិតជាមានចេតនាគេចវេសមិនព្រមសង​ ឬមួយមានបញ្ហាអ្វីនោះទេ ខណៈបើមើលទៅលើសាច់ឈាមវិញ ក៏ជាអ្នកធូរធា​មិនធម្មតាដែរ តែមិនគួរណាមកមានរឿងស្អុយឈ្មោះ ព្រោះតែលុយថ្លៃស្រាប៉ុណ្ណឹងៗនោះឡើយ៕