(ភ្នំពេញ)៖ ផលិតកម្ម Rock បានបើកសម្ពោធខ្សែភាពយន្តថ្មី ខ្នាតធំរបស់ខ្លួនមួយទៀតហើយ កាលពីល្ងាច ថ្ងៃទី១៦ ខែ​តុលា ឆ្នាំ២០១៨នេះ នៅរោងភាពយន្ត Prime Cineplex Cinema ផ្សារសុវណ្ណាជាន់ផ្ទាល់ដី ដែលត្រូវបានគេដឹងថា ភាពយន្តស្នេហាយុវវ័យ ​បង្កប់ឈុតឆាក អភិនិហា និងបែបអប់រំប្លែកភ្នែក សម្រាប់ទស្សនិកជ​ន ខណៈភាពយន្តនេះ ត្រូវបានគេដឹងថា មានការចំណាយរហូតទៅជិត ៦ម៉ឺនដុល្លារឯណោះ។ នៅក្នុងពិធីសម្ពោធខ្សែភាពយន្តខ្នាតធំថ្មី របស់ផលិតកម្ម Rock គេសង្កេតឃើញមានមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងផលិតករ ព្រមទាំងម្ចាស់ផលិតកម្ម មួយចំនួនបានអញ្ជើញចូលរួម ក្នុងនោះក៏មានតារាសម្ដែង និងតារាចម្រៀង ដែលសុទ្ធសឹងតែជាតួអង្គ សំខាន់នៅក្នុងរឿង ក៏បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ផងដែរ​។

លោក យឹម សុសត្យា ហៅ លី ម៉េង ប្រធានអ្នកគ្រប់គ្រងទូទៅ នៅក្នុងផលិតកម្ម Rock បានថ្លែងឲ្យដឹងថា ខ្សែភាពយន្តរឿង «កែវវេទមន្ត» នេះ គឺជាចំណីចក្ខុប្លែក​មួយទៀត ដែល ផលិតកម្ម Rock បានសម្រិតសម្រាំង​ឡើងយ៉ាងល្អ ជាពិសេសនោះ គឺមានប្លង់ថតល្អៗ ប្រភេទ 4D ហើយបានប្រើបច្ចេកទេស ចុងក្រោយដែលផលិតកម្ម Rock បានសម្រិតសម្រាំងឡើង ដើម្បីឲ្យភាពយន្តមួយនេះ ទទួលបានការគាំទ្រ កាន់តែខ្លាំងពីសំណាក់ទស្សនិកជន ខណៈការចំណាយ គឺប្រមាណជិត ៦ម៉ឺនដុល្លារ​ឯណោះ។ ដោយឡែកពាក់ព័ន្ធនឹងការរើសតួសម្ដែង គឺលោកបានជ្រើសរើស យកអ្នកនាង សុខ សោម៉ាវត្តី ឲ្យប៉ះគ្នាជាមួយនឹងលោក យ៉ារ៉ូ ដែលការប៉ះគ្នានេះ គឺជាលើកដំបូងរបស់អ្នកទាំងពីរ មួយវិញទៀត សុខ សោម៉ាវត្តី គឺពូកែខាងលេងទឹកមុខបែបក្រម៉ិចក្រមើម ស៊ីជាមួយនឹងសាច់រឿងនេះតែម្ដង។

លោក យឹម សុសត្យា បានថ្លែងបន្តទៀតថា «​ចំពោះការដាក់តួសម្ដែង គឺយើងបានជ្រើសរើស យកអ្នកនាង សុខ សោម៉ាវត្តី ពោលគឺពូកែខាងលេងទឹកមុខក្រម៉ិចក្រមើម ហើយសម្ដែងស៊ីសង្វាក់គ្នា ជាមួយនឹងលោក យ៉ារ៉ូ អ្វីដែលសំខាន់នោះ គឺតួអង្គទាំងពីរនេះ គឺមិនធ្លាប់ប៉ះគ្នា ឬសម្ដែងជាមួយគ្នាឡើយ ដែលនេះរឹតតែធ្វើឲ្យទស្សនិកជន កាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត ជាមួយនឹងការប៉ះគ្នាលើកដំបូងនេះ»

គួរបញ្ជាក់ថា ខ្សែភាពយន្ត រឿង «កែវវេទមន្ត» គឺជាប្រភេទសាច់រឿងបែបស្នេហារ៉ូមែនទិក លាយឡំជាមួយនឹងភាពកំប្លុកកំប្លែង ដែលមានការចូលរួមសម្ដែង ពីសំណាក់ លោក យ៉ារ៉ូ ជាតួឯកប្រុស និង​តួឯកស្រី គឺអ្នកនាង សុខ សោម៉ាវត្តី ដែលភាពយន្តខ្នាតធំមួយនេះ នឹងត្រូវដាក់បញ្ចាំងជាផ្លូវ នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ ២០១៨ នេះ នៅគ្រប់បណ្ដា​រោងភាពយន្ត ទាំងអស់ នៅក្នុងទីក្រុងភ្នំពេញ សៀមរាប និងបាត់ដំបងផងដែរ​។

កម្មវិធីសម្ពោធភាពយន្តរឿង «កែវវេទមន្ត» មានការចូលរួមឧបត្ថម្ភដោយ ស្រោមអនាម័យ Okamoto សំឡីអនាម័យ Hibis, Coffee Bean, និង ភេជសជ្ជៈ Cocacola៕