(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងការនាំយកកីឡាករយុវជនចំនួន ៦នាក់ក្នុងចំណោម ១៦នាក់ ដែលត្រូវបានប្រកាសរំសាយពីក្រុមសាលាបាល់ទាត់ជាតិបាទីកាលពីម្សិលមិញ។ ភ្លាមៗបន្ទាប់ពីប្រកាសរំសាយ ក្លឹបវិសាខា បានប្រកាសស្វាគមន៍កីឡាករចំនួន ៦នាក់ ដើម្បីត្រៀមរដូវកាលថ្មីខាងមុខរួមមានកីឡាករ អាត អូនតូច, ទូច គឹមឆាយ, ផុន តៃនិញ, ឡុង ម៉េងហាង, ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលត់។

បន្ទាប់ពីទៅដល់ទ្រនំថ្មី កីឡាករវ័យក្មេងដែលសុទ្ធតែជាកីឡាករជម្រើសជាតិយុវជន និងធ្លាប់មានបទពិសោធន៍ជោគជាំជាមួយសាលាបាល់ទាត់ជាតិបាទី បានចាប់ផ្ដើមយុទ្ធនាការហ្វឹកហាត់ភ្លាមៗ នៅល្ងាចថ្ងៃទី១៦ ខែតុលាម្សិលមិញ ដោយចូលរួមជាមួយក្រុមធំនៃក្លឹបវិសាខា លើកលែងតែកីឡាករ អាត អូនតូច ដែលអវត្តមាន បន្ទាប់ពីរូបគេ ជាប់រវល់បេសកកម្មទៅប្រកួតពានអន្ដរជាតិមួយនៅជប៉ុន ហើយត្រឡប់មកវិញ ហត់នឿយក៏សុំច្បាប់។ តែបន្ថែមលើនេះ អូនតូច ទំនងត្រូវចូលរួមជាមួយក្រុម U17 វិសាខា មិនទាន់ចូលក្រុមធំនោះទេ។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន ទោះបីវិសាខា គឺជាសមាជិកថ្មី ប៉ុន្ដែពួកគេបានបង្កព្យុះភ្លៀងជាច្រើនដល់ក្រុមខ្លាំង ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រហូតដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ១២ក្លឹប។ រីឯឆ្នាំនេះ ក្រៅពីវត្តមានកីឡាករវ័យក្មេង ៦រូបខាងលើ ក្លឹបនៅមិនទាន់បង្ហាញពីការផ្លាស់ប្ដូរសមាជិកថ្មីនោះទេ ស្របពេលកីឡាករបរទេសរបស់ខ្លួនចំនួន ៥រូប គឺកីឡាករកូរ៉េខាងជើងកាលពីពេលថ្មីៗបានចាកចេញទៅស្រុកកំណើតរបស់ពួកគេ ហើយក៏មិនទាន់ដឹងថា ពួកគេនឹងត្រឡប់មកជួយក្រុមលោក ហុក សុជីវ័ន ទៀត ឬក៏យ៉ាងណានោះទេ៕