(ក្រុងឡុងដ៍)៖ គ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA ចោទប្រកាន់ថា បានប្រើពាក្យសំដីមិនសមរម្យនៅមុខកាមេរ៉ារបស់ទូរទស្សន៍ BT Sport ក្រោយពេលវាយបកយកឈ្នះក្រុមភ្ញៀវ Newcastle United ៣-២ កាលពីពេលកន្លងទៅក្នុង Premier League រដូវកាលថ្មី។

បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ បានលើកកូនដៃរបស់លោកចង្អុលកាមេរ៉ាទូរទស្សន៍ ដែលត្រូវបាន FA សង្ស័យថា និយាយជាភាសាកំណើតរបស់លោកថា «fodas filhos de puta» ដែលមានន័យជាអង់គ្លេសថា «Fuck Off Son Of Bitch»

Mourinho អាចជាប់ពិន័យមិនឲ្យចូលទីលានបញ្ជាកូនក្រុម នៅពេល Man Utd ប្រកួតទល់នឹង Chelsea នៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៨ ចុងសប្តាហ៍នេះក្នុងកីឡដ្ឋាន Stamford Bridge តែយ៉ាងណាក្តី អតីតអ្នកចាត់ការ Chelsea, Inter Milan និង Real Madrid រូបនេះមានពេលរហូតដល់ល្ងាចថ្ងៃសុក្រខាងមុខដើម្បីប្តឹងឧទ្ទរណ៍តប ចំពោះការចោទប្រកាន់នេះ៕