(ប៉ារីស)៖ ក្រុមជើងឯក FIFA World Cup 2018 មាន់គកបារាំង បានធ្វើការវាយបកឈ្នះក្រុមអាល្លឺម៉ង់ ២-១ ក្នុងវគ្គទី២ នៃការប្រកួតពានរង្វាន់លីគអឺរ៉ុប UEFA Nationals League នាយប់មិញនេះ បន្ទាប់ពីត្រូវបានក្រុមភ្ញៀវ បានបើកការនាំមុខ ១គ្រាប់មុនតាំងពីដើមវគ្គទី១។

២គ្រាប់ជ័យជម្នះរបស់បារាំង ពីការធ្វើបានសម្រេចដោយកីឡាករតែម្នាក់គត់ គឺខ្សែប្រយុទ្ធ Antoine Griezmann មកពីក្លឹបអេស្ប៉ាញ Atletico Madrid នៅនាទីទី៦២ ដោយតែតបញ្ចូលទី និងនាទីទី៨០ ដោយការទាត់បាល់ប៉េណាល់ទី ១១ម៉ែត្រ ក្រោយពេលកីឡាករមកពីក្លឹប Real Madrid, Toni Kroos បានទាត់បាល់ ១១ម៉ែត្រនាំមុខតាំងពីនាទីទី១៤។

៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យបារាំងបន្តឈរនៅកំពូលតារាងនៃពូល A ក្រុម១ បណ្តោះអាសន្ន ដោយមាន៧ពិន្ទុ ឆ្លងកាត់៣ប្រកួត ឈ្នះ២ និងស្មើ១ និងហូឡង់កំពុងឈរនៅលេខ២ មាន៣ពិន្ទុនៅសល់ ១ប្រកួតក្នុងដៃ ខណៈអាល្លឺម៉ង់ បន្តឈរនៅបាតតារាង ទើបរកបាន ១ពិន្ទុនៅឡើយក្នុងចំណោម ៣ប្រកួតមកនេះ។

៤ប្រកួតរបស់បារាំង ក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី គឺពុំទាន់ចាញ់នៅឡើយទេ ទាំងលេងក្នុងពានអឺរ៉ុប Natinals League និងមិត្តភាពអន្តរជាតិ ពោលគឺឈ្នះ២ដង និងស្មើ២ដងដូចគ្នា ស្របពេលអាល្លឹម៉ង់ ៤ប្រកួតដូចគ្នា ឈ្នះ១ ស្មើ១ និងចាញ់២ដង៕