(ភ្នំពេញ)៖ ក្នុងពិភពកីឡាបាល់ទាត់ តំបន់អាស៊ីភាគអាគ្នេយ៍មិនស្ថិតនៅក្នុងលីគលំដាប់កំពូលនោះទេ គ្រាដែលភាពទំនាក់ទំនងរវាងតំបន់នេះ ជាមួយលីគបាល់ទាត់លំដាប់កំពូលៗក្នុងកម្រិតអន្តរជាតិ បានកើតមានឡើងដោយសារវត្តមានរបស់កីឡាករមួយចំនួន ដែលមានឈាមជ័រខ្សែស្រឡាយដែលមានប្រភពចេញពីតំបន់អាស៊ីអាគ្នេយ៍ជាច្រើន ខណៈកីឡាករទាំងនេះធ្លាប់បំពេញលក្ខខណ្ឌ ចូលលេងឲ្យក្រុមជម្រើសជាតិនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ប៉ុន្តែនៅពេលនេះកីឡាករទាំងនោះពួកគេបានក្លាយជា តារាបាល់ទាត់នៅក្នុងក្រុមជម្រើសជាតិរបស់ប្រទេស ដែលគេទៅរស់នៅទៅហើយ។

១៖ កីឡាករ Radja Nainggolan មានវ័យ ៣០ឆ្នាំ ជាជម្រើសជាតិប៊ែលហ្ស៊ិក កើតក្នុងប្រទេសប៊ែលហ្ស៊ិក សម្រាប់ Nainggolan មានម្ដាយសញ្ជាតិប៊ែលហ្ស៊ិក និងឪពុកមានសញ្ជាតិឥណ្ឌូនេស៊ី គ្រាដែលរូបគេធ្លាប់ជាគោលដៅតាមប្រម៉ាញ់របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ហើយគេចាប់ផ្ដើមអាជីពបាល់ទាត់ក្នុងឈុតធំដោយលេងឲ្យក្លឹប Piacenza ក្នុងលីគ Serie B នៅអ៊ីតាលី មុនពេលផ្ទេរទៅលេងនៅក្លឹប Cagliari, Bologna, AS Roma និងបច្ចុប្បន្នលេងឲ្យក្លឹប Inter Milan។

២៖ កីឡាករ David Alaba មានវ័យ ២៦ឆ្នាំ ជាជម្រើសជាតិអូទ្រីស កើតនៅប្រទេសអូទ្រីស និងបច្ចុប្បន្នលេងឲ្យក្លឹប Bayern Munich សម្រាប់ Alaba មានឪពុកសញ្ជាតិនីហ្សេរីយ៉ា និងម្ដាយសញ្ជាតិហ្វីលីពីន Alaba បានចាប់ផ្ដើមអាជីពបាល់ទាត់របស់ខ្លួននៅក្នុងប្រទេសអូទ្រីស មុនពេលប្ដូរមកលេងនៅក្លឹប Bayern Munich ហើយអាចលេងបានច្រើនក្នុងតួនាទីជាខ្សែបម្រើកណ្ដាល ខ្សែការពារកណ្ដាល ស្លាបឆ្វេង និងស្តាំ និងខ្សែការពារឆ្វេង Alaba ចាប់ផ្ដើមអាជីពបាល់ទាត់ដំបូង គេអាចជ្រើសរើសលេងក្នុងក្រុមជម្រើសជាតិនីហ្សេរីយ៉ា នឹងហ្វីលីពីនក៏បាន ប៉ុន្តែកីឡាកររូបនេះបានជ្រើសយកក្រុមជម្រើសជាតិអូទ្រីស ដែលជាប្រទេសកំណើតរបស់គេ។

៣៖ កីឡាករ Yohan Cabaye មានវ័យ ៣២ឆ្នាំ ជាអតីតជម្រើសជាតិបារាំង កើតនៅប្រទេសបារាំង និងបច្ចុប្បន្នលេងឲ្យក្លឹប Al Nasr របស់ប្រទេស Arab Emirati សម្រាប់ Cabaye ធ្លាប់ឈ្នះពាន Ligue 1 ៣លើក និងធ្លាប់លេងនៅ Premier League បានមួយរដូវកាល អ្នកគាំទ្រអាចនឹងភ្ញាក់ផ្អើល នៅពេលដែលបានដឹងថាកីឡាករ Cabaye មានជីដូនខាងឪពុកដែលមានសញ្ជាតិវៀតណាម។

៤៖ កីឡាករ Nigel de Jong មានវ័យ ៣៣ឆ្នាំ ជាអតីតជាម្រើសជាតិហូឡង់ កើតនៅប្រទេសហូឡង់ និងបច្ចុប្បន្នលេងឲ្យក្លឹប Al Ahli របស់ប្រទេសកាតា ក្នុងក្របខណ្ឌ Qatar Stars League De Jong មានឪពុកសញ្ជាតិស៊ូរីណាម និងម្ដាយជាកូនកាត់ឥណ្ឌូនេស៊ី-ហូឡង់ គេធ្លាប់លេងនៅក្លឹបមួយចំនួនដូចជា Ajax Amsterdam, Manchester City, AC Milan និង Galatasaray ដោយធ្លាប់ឈ្នះពាន Eredivisie, Premier League និង FA Cup ក៏ធ្លាប់ជួយឲ្យប្រទេសហូឡង់​ឈានដល់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួត World Cup ២០១០ និងចំណាត់ថ្នាក់លេខ៣ ក្នុងឆ្នាំ២០១៤៕