(ភ្នំពេញ)៖ យោងតាមគណនីឈ្មោះ Oun Vy ដែលគេស្គាល់ជាភរិយារបស់ខ្សែការពារក្រុមជម្រើសជាតិកម្ពុជា កីឡាករ ហុង ផេង បានចេញសារប្រតិកម្មមួយភ្លាមៗ បន្ទាប់ពីក្រុមគោព្រៃកម្ពុជាត្រូវក្រុមភ្ញៀវសិង្ហបុរី វាយបកយកឈ្នះ ២-១ កាលពីយប់មិញ ដោយឆ្លើយតបទៅនឹងការរិះគន់មកលើស្វាមីរបស់ខ្លួន និងស្នើឲ្យមានការយល់ក្នុងការលេងជាតួនាទីខ្សែប្រយុទ្ធទៀតផង។

ភរិយារបស់ខ្សែការពារក្លឹបបឹងកេតអែហ្វស៊ីដដែលសរសេរថា «អូនដឹងថា បងពិបាកចិត្តណាស់ ពេលបងធ្វើមិនបានល្អ លេងជាខ្សែរការពារ ពេលលេងល្អ គេមើលមិនឃើញទេ មានកំហុសម្ដងថាអោយគាត់ការពារអន់ ចុះពេលគាត់លេងល្អ ដែលសរសើរគាត់អត់ មនុស្សម្នាក់ៗមិនចង់អោយមានកំហុសទេ យល់អារម្មណ៍នេះផងបងបង! អូននឹងកូនជាកំលាំងចិត្តអោយបង ស៊ូស៊ូប្ដីសំលាញ់»

ជាមួយនឹងការបញ្ចេញអារម្មណ៍ពិត ក្នុងនាមភរិយានេះ គឺធ្វើឡើងក្រោយកីឡាកររបស់ក្រុមភ្ញៀវសិង្ហបុរី បានវាយបក ២គ្រាប់នៅតង់ទី២ ដើម្បីយកឈ្នះកម្ពុជា ២-១។ តែ ២គ្រាប់ក្នុងរយៈពេល ៤៥នាទីចុងក្រោយ បានក្លាយជាបន្ទុករបស់ខ្សែការពារ ដោយមានអ្នកគាំទ្រមួយចំនួន បានស្រែកបន្ទរភ្លាមៗថា កំហុសបង្កមកពីខ្សែការពារ។ ដូច្នេះហើយទើបភរិយា ហុង ផេង អត់ទ្រាំមិនបានចេញសារមួយ ដើម្បីសុំចិត្តបងប្អូនអ្នកគាំទ្រតែម្ដង៕