(ភ្នំពេញ)៖ តារាភាពយន្តស្រីទឹកមុខម៉ឺងម៉ាត់ ត្រូវប៉ាន់ខាងសម្តែងជាតួអង្គខ្មោច កញ្ញា សួង ស៊ីធឿន បច្ចុប្បន្នការងារសិល្បៈរបស់នាង ត្រូវបានគេដឹងថា មានភាពមមាញឹកយ៉ាងខ្លាំង ដល់ថ្នាក់មួយថ្ងៃបានសម្រាកបានតែ ៣ម៉ោងក៏មាន។ ក្រោយបញ្ចាប់ការថតរឿង «ឯណាខ្មោច» តារាស្រីរូបនេះ កំពុងរវល់នឹងការសម្តែងរឿងភាគ និងរឿងដុំជាច្រើនទៀត ដែលភាគច្រើនគ្រងតំណែងជាតួឯក និងតួខ្មោចផងដែរ។ តែយ៉ាងណា នាងបង្ហើបថា មានការបារម្ភខ្លាចធ្លាក់កូដ ក្រោយពេលបង្ហាញមុខមនុស្សពិសេស លើបណ្តាញសង្គម ខណៈការងារសិល្បៈមមាញឹកខ្លាំង។

ដោយឡែកងាកមករកជីវិតឯកជនវិញ ស្រីស្រស់ សួង ស៊ីធឿន បានធ្វើឱ្យទស្សនិកជនចាប់អាមរ្មណ៍យ៉ាងខ្លាំង ក្រោយពេលនាងបង្ហាញរូបភាពបុរសម្នាក់ថតសិ្នទ្ធស្នាលប្រៀបបាននឹងគូស្នេហ៍ថ្មីថ្មោង ព្រោះជារឿយៗ នាងមិនងាយថតស្និទ្ធបែបនេះ ជាមួយបុរសដទៃនោះទេ ក្រៅពីលោក ទ្រី តារាវុធ។ ពាក់ព័ន្ធរឿងនេះ នាងមិនបានប្រាប់ពីទំនាក់ទំនងនាង និងបុរសម្នាក់នោះទេ ដោយប្រាប់ថា «ពាក់ព័ន្ធរឿងនេះ នាងសុំលាក់សិន គ្រាន់តែប្រាប់ថា បុរសម្នាក់នោះជាមនុស្សពិសេសរបស់នាង ព្រោះមិនទាន់មានដំណឹងល្អ អ៊ីចឹងមិនទាន់ហ៊ានប្រាប់ទស្សនិកជនទេ។ តែនាងសង្កត់ធ្ងន់ថា ទស្សនិកជនដឹងហើយ ភាគច្រើននាងមិនងាយថតរូបស្និទ្ធជាមួយបុរសណានោះទេ ដូច្នេះបុរសដែលនាងថតស្និទ្ធជាមួយពីរនាក់ គឺជាមនុស្សពិសេសរបស់នាង»។     

ស្របពេលការងារសិល្បៈកំពុងមមាញឹកខ្លាំង ស្រាប់តែបង្ហាញមុខមនុស្សពិសេសនោះ មានមិត្តរួមសិល្បៈជាច្រើនភ្ញាក់ផ្អើល និងអ្នកគាំទ្រផ្ញើរសារមកសួរជាច្រើន។ ក្នុងនោះ សួង ស៊ីធឿន ក៏បានបង្ហាញក្តីបារម្ភដែរ គឺខ្លាចធ្លាក់កូដ ខណៈការងារសិល្បៈរបស់នាង កំពុងមមាញឹកខ្លាំង។ នាងបានប្រាប់ថា «ក្រោយបង្ហោះរូបជាមួយមនុស្សពិសេស នាងមានក្តីបារម្ភខ្លាចធ្លាក់កូដខ្លះដែរ ព្រោះមិនទាន់មានដំណឹងពិសេស ដូច្នេះខ្លាចតិចៗ តែបើមានដំណឹងពិសេសនៅថ្ងៃណាមួយនាង នឹងប្រាប់ទៅទស្សនិកជននៅពេលក្រោយ»

ជាចុងក្រោយ តារាស្រីកាក់កបដើរតួខ្មោច កញ្ញា សួង ស៊ីធឿន បានថ្លែងអំណគុណដល់ទស្សនិកជនដែលបានគាំទ្រនាង តាំងពីមិនទាន់ល្បី មកទល់នឹងសព្វ្ងថ្ងៃ បើគ្មានទស្សនិកជនគាំទ្រ នាងក៏គ្មានថ្ងៃនេះដែរ។ នាង សូមឱ្យទស្សនិកជនបន្តគាំទ្រនាងទៀត ទោះបីជាទៅមុខមានអ្វីកើតឡើងក៏ដោយ ព្រោះទស្សនិកជនជាកម្លាំងចិត្តរបស់នាង៕