(ភ្នំពេញ)៖ ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់តារាសម្ដែងបែបអន្តរជាតិ​ និយមសម្តែងតួកាច​ ឆ្នាស់ឆ្នើម​ ស៊ីវិល័យដោយរស់រវើក និងជាតារាសម្ដែង ជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា កាលពីសម័យ សង្គមរាស្រ្តនិយម គឺលោកស្រី សាក់ ស៊ីស្បោង បានបង្ហាញវត្តមាន ខណៈដែលលោកស្រី បានអញ្ជើញមកចូលរួម គោរពវិញ្ញាណកន្ធ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨ នេះ ​ធ្វើឲ្យអ្នកដែលធ្លាប់ស្គាល់ តារាសម្ដែងដ៏ល្បីល្បាញ​រូបនេះ មានការនឹករលឹក និងភ្ញាក់ផ្អើលចំពោះវត្តមាន និងសកម្មភាព របស់តារាសម្ដែងជើងចាស់រូបនេះ នៅក្នុងប្រទេសកម្ពុជា ស្ទើរគ្រប់ៗគ្នា។

អ្វីដែលគេមិននឹកស្មានដល់នោះ គឺលោកស្រី សាក់ ស៊ីស្បោង បានចាកចេញពីប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីលោក​ស្រីបានលាឈប់ពីការសម្ដែង តាំងពីជំនាន់ មុនសម័យខ្មែរក្រហមមកម្ល៉េះ។ ទស្សនិកជន ក៏ដូចជាមហាជននៅក្នុងប្រទេសកម្ពុជា ​បានគិតស្មាន និងសន្និដ្ឋានថា លោកស្រី សាក់ ស៊ីស្បោង ប្រហែលជាបាត់បង់ជីវិត នៅក្នុងសម័យ ខ្មែរក្រហមបាត់ទៅហើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺលោកស្រី​នៅមានជីវិត និងបានមកលេងប្រទេសកម្ពុជា ជាពិសេសនោះ គឺ​មកគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ទៀតផង​។

យោងតាមហ្វេសប៊ុកផេក របស់ក្រុមព្រះសុរិយា បានបង្ហាញរូបភាព លោកស្រី សាក់ ស៊ីស្បោង ក៏ដូចជាបានផ្ដល់នូវព័ត៌មាន ត្រួសៗមួយចំនួន ដើម្បីឲ្យមហាជន បានដឹង តាមរយៈរូបថតជាច្រើន ដែលក្រុមព្រះសុរិយា ថតបង្ហាញឲ្យគេសង្កេតឃើញ លោកសស្រី សាក់ ស៊ីស្បោង បានបង្ហាញនូវការសួរនាំ ក៏ដូចជាសួរសុខទុក្ខ ដល់បងប្អូន​ចាស់ៗ ដែលបានចូលរួម ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ ផងដែរ​។

ហ្វេសប៊ុកផេករបស់ក្រុមព្រះ សុរិយា បានសរសេរថា «នរណាមិ​នស្គាល់​សាក់ស៊ី​ ស្បោង!!​ អតីតកាល​ និង​​បច្ចុប្បន្នភាព នៃអតីតតារាភាពយន្ត សាក់​ស៊ី​ ស្បោង​ តារាសម្តែងបែបអន្តរជាតិ​ និយមសម្តែងតួកាច​ ឆ្នាស់ឆ្នើម​ ស៊ីវិល័យដោយរស់រវើក។ ខ្សែភាពយន្តល្បីៗ របស់លោកស្រីរួមមាន​ រឿង «​អប្សរា»​ រឿង «រស់ដោយសប្បាយ»​ រឿង «ព្រះប្រជាកុមារ​» រឿង«វិលវិញណាបង»​ រឿង«លោហិតវាសនា» និង​ រឿង«សែនទារុណ»​ ជាដើម​»

ផេកដដែលបានបន្តថា «​មកដល់ពេលនេះមហាជនជាច្រើន នៅតែចងចាំលោកស្រី​ ប៉ុន្តែក៏មានមហាជនខ្លះគិតថា​ លោកស្រីបានត្រូវខ្មែរក្រហមសម្លាប់បាត់ទៅហើយ​។ ផ្ទុយទៅវិញ​ ចំពោះការបាត់ដំណឹង និងការពុំបង្ហាញខ្លួនជាច្រើនឆ្នាំកន្លងមកនេះ​ ដោយសារតែលោកស្រីរស់នៅឆ្ងាយពីមាតុប្រទេស​ ហើយឈប់សំរាកពីវិស័យភាពយន្ត​ សព្វថ្ងៃលោកស្រីបានតាំងចិត្តសាងធម៌ក្រោមពុទ្ធឱវាទ យ៉ាងខ្ជាប់ខ្ជួន​»

ហ្វេសប៊ុកផេករបស់ក្រុមព្រះ សុរិយា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា «​លោកស្រី អញ្ជើញមកប្រទេសកម្ពុជា ក្នុងគោលបំណងដ៏សំខាន់ គឺមកថ្វាយបង្គំព្រះបរមចេតិយ នៃសម្តេចព្រះបរមរតនកោដ្ឋ និងផ្សាយនូវមហាកុសលថ្វាយព្រះចមក្សត្រ ដែលព្រះអង្គមានគុណ បំណាច់ច្រើនលើសលប់សម្រាប់ ​មាតុប្រទេសកម្ពុជា។​ លោកស្រីបានធ្វើ​ដំណើរ អស់រយៈចម្ងាយជាង១ម៉ឺនគីឡូ​ ដើម្បីមកចូលរួមព្រះរាជពិធី ជាមួយអង្គព្រះមហាក្សត្រ ​ព្រះករុណាព្រះបរមនាថ​ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ​ រួមទាំង ព្រះរាជវង្សានុវង្ស និងប្រជាជាតិខ្មែរទាំងមូល ក្នុងព្រះនគរកម្ពុជា​»