(ភ្នំពេញ)៖ កម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក គឺ Miss Grand International ២០១៨ បច្ចុប្បន្នកំពុងដំណើងការប្រកួត នៅប្រទេសមីយ៉ាន់ម៉ា ខណៈការដើរបង្ហាញឈុតតំណាងជាតិ របស់បេក្ខនារីមកពីប្រទេសនីមួយៗ ក៏បានរួចេរាល់ហើយដែរ។ បន្ទាប់ពីមានការបោះឆ្នោតតាមរយៈការ Like និង Share ទីបំផុតគេបានរកឃើញបេក្ខនារីមកពី១០ ប្រទេសដែល បានគ្រងឈុតតំណាងជាតិស្អាតដាច់គេឃើញហើយ គឺមានដូចជា៖ ១. បេក្ខនារីមកពី ប្រទេសកម្ពុជា គឺកញ្ញា ឌី លីកា,  ២. Miss Grand Vietnam, ៣. Miss Grand Haiti, ៤. Miss Grand Indonesia, ៥. Miss Grand Mexico, ៦. Miss Grand Paraguay, ៧. Miss Grand Peru, ៨. Miss Grand Philippines, ៩. Miss Grand India, ១០. Miss Grand Myanmar។

ជាការពិត ទំរាំតែឆ្លងផុតពីវគ្គមួយ ទៅវគ្គមួយមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ជោគវាសនា នៃការមានឱកាសគ្រងមកុដរបស់ «Miss Grand International 2018» ខណៈនាំតែទទួលបានការគាំទ្រច្រើន ទៅដល់វគ្គ ១០ប្រទេស គឺពួកគេបានឆ្លងកាត់វគ្គ២០ ប្រទេសដែលមានឈុតតំណាងប្រទេសស្អាតដាច់គេ ដោយមានបេក្ខនារីមកពីច្រើន ប្រទេសលើពិភពលោកប្រកួតប្រជែង។

ទន្ទឹមគ្នានេះ សម្រាប់កម្ពុជា គឺពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបេក្ខនារីតំណាងជាតិរបស់ខ្លួន បានជាប់ទៅវគ្គ១០ ប្រទេស ដែលមានឈុតតំណាងជាតិល្អដាច់គេ និងទទួលបានសំឡេងគាំទ្រ ច្រើនជាងគេទៀតផង។ សម្រាប់រូបសម្រស់របស់តំណាងជាតិកម្ពុជា កញ្ញា ឌី លីកា ក្នុងឈុតតំណាងជាតិវិញ គឺពិតជាស្រស់ស្អាតយ៉ាងខ្លាំង ជាមួយនឹងឈុត «ទេពីស្រ៊ីសួគ៌បវរឥសានបុរៈ» ឈរតាំងជំហរយ៉ាងម៉ឺងម៉ាត់ រំលេចក្បូរក្បាច់យ៉ាងរស់រវើក នាងស្លៀកសំពត់ហូលពណ៌ក្រហមភ្លឺដូចមាស ដៃខាងស្ដាំកាន់កង្វេដំរី (ឈើដង្កាវសម្រាប់បញ្ជាដំរី) បង្ហាញឫទ្ធីចេស្ដានៃម្ចាស់គជសារភូមិ ដៃខាងឆ្វេងបង្ហាញក្បាច់ត្របកផ្កាយ៉ាងទន់ភ្លន់ល្អប្រពៃ ជើងខាងស្ដាំបោះឈៀងទៅមុខបន្តិច បួងសក់ឡើងលើដូចទេពីនាបុរាណសម័យ រាងកាយលម្អដោយគ្រឿងអលង្ការបុរាណ ខ្មែរយ៉ាងល្អវិចិត្រ ខ្សែចក្ខុបាញ់ត្រង់ទៅមុខ សោតិនលមុ្អដោយក្រវិលរយ៉ាផ្កាមាស រលេចស្នាមញញឹមប្រិមប្រិយ របស់អ្នកស្រុកសុវណ្ណភូមិគួរជាទីគយគន់។

គួរជម្រាបថា កម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក ឬហៅថា «Miss Grand International» គឺជាកម្មវិធីមួយ ដែលបង្កើតឡើងក្នុងគោលបំណង «បញ្ចប់សង្រ្គាម និងអំពើហឹង្សារ» ដែលមានជាង ៩០ប្រទេស នៅលើពិភពលោក ចូលរួមជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣មក៕

1. Miss Grand Cambodia

2. Miss Grand Vietnam

3. Miss Grand Haiti

4. Miss Grand Indonesia

5. Miss Grand Mexico

6. Miss Grand Paraguay

7. Miss Grand Peru

8. Miss Grand Philippines

9. Miss Grand India

10. Miss Grand Myanmar