(ភ្នំពេញ)៖​ កីឡាករស្នូលរបស់ក្រុមជម្រើសជាតិសិង្ហបុរី Safuwan Baharudin បានលើកឡើងថា ជំនួបមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះកម្ពុជាល្ងាចនេះ គឺជាការប្រកួតដ៏ពិសេសមួយ ហើយក៏មិនអាចទស្សទាយលទ្ធផលទុកមុនបានដែរ ដោយសារក្រុមទាំងពីរសុទ្ធតែត្រៀមខ្លួនបានល្អដូចគ្នា។ តែក្នុងនោះ Safuwan បានចាប់អារម្មណ៍កីឡាករម្នាក់របស់កម្ពុជា គឺ ចាន់ វឌ្ឍនាកា ដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមខ្លួន ប្រសិនបើមានការធ្វេសប្រហែសចំពោះរូបគេ។

សមាជិកក្លឹប Pahang នៃលីគកំពូលម៉ាឡេស៊ីរូបនេះ បាននិយាយថា «ខ្ញុំធ្លាប់លេងរយៈពេល ៦ខែ ជាមួយ វឌ្ឍនាកា កាលនៅ Pahang ចឹងខ្ញុំដឹងពីគុណសម្បត្តិរបស់គាត់ វឌ្ឍនាកា គឺជាកីឡាករល្អ ហើយមានគុណភាព។ គេអាចកែប្រែស្ថានការណ៍​ប្រកួតបាន បើសិនការប្រកួតមិនមានអ្វីប្លែក។ ផ្អែកលើបទពិសោធន៍ ធ្លាប់លេងរួមក្លឹប និងពាន Suzuki Cup យើងមិនអាចធ្វេសប្រហែស វឌ្ឍនាកា បានទេ ព្រោះគេអាចបង្កគ្រោះថ្នាក់ដល់ក្រុមយើង។ តែយ៉ាងណា​យើងមិនផ្ដោតតែលើ វឌ្ឍនាកា ទេ គឺផ្ដោតលើក្រុមទាំងមូលតែម្ដង»

សូមរំឭកថា Safuwan និង ចាន់ វឌ្ឍនាកា គឺជាអតីតមិត្តរួមក្រុមនឹងគ្នា កាលពីលេងនៅ Pahang តែសោកស្ដាយ វឌ្ឍនាកា ត្រូវបានក្លឹបលីគកំពូលម៉ាឡេស៊ីនេះបញ្ចប់កុងត្រាមុនកាលកំណត់ ស្របពេលកីឡាករជម្រើសជាតិសិង្ហបុរី នៅជាសមាជិក Pahang នៅឡើយ។ យ៉ាងណាមិញ កីឡាករ Safuwan បានប្ដេជ្ញាចិត្តនឹងធ្វើឲ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលល្អ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិកម្ពុជា នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕