(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃទី១៦ ខែតុលានេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសរំសាយកីឡាករ នៃសាលាបាល់ទាត់ជាតិបាទីចំនួន ១៦នាក់ ហើយដំណាលជាមួយគ្នាលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធ ក៏បានប្រកាសពីក្លឹបធំៗចំនួន៤ បាននាំយកយុវជនទាំងអស់ សម្រាប់ពង្រឹងក្រុមត្រៀមរដូវកាលថ្មី នាពេលខាងមុខផងដែរ រួមមានក្លឹបវិសាខា អគ្គិសនីកម្ពុជា (EDC) ណាហ្គាវើល និងក្លឹបបឹងកេតអែហ្វស៊ី។

ចំពោះកីឡាករត្រូវបានសហព័ន្ធប្រកាសរំសាយ ក៏ដូចជាទ្រនំថ្មីដែលពួកគេ ត្រូវបន្ដអាជីពលើវាលស្មៅ រួមមានកីឡាករ គង់ ពីលត់, ផុត តៃនិញ, ឡុង ម៉េងហាង, ទូច គឹមឆាយ, អាត អូនតូច និងទៀត គឹមហេង គឺផ្ទេរទៅលេងឲ្យក្លឹបវិសាខា។ កីឡាករ ផាត សុជាវិទ្យា, ឈឿន វិស៊ីនុ, លន ថេន និងកីឡាករ សៀន សុភក្ដ្រា ផ្ទេរទៅលេងឲ្យក្លឹបអគ្គិសនីកម្ពុជា។ កីឡាករ សេត ម៉ាន់ស៊ូត, ហេង ទីណា និង រ័ត្ន ប៊ុននូ ផ្ទេរទៅក្លឹបណាហ្គាវើល ខណៈកីឡាករ ហ៊ុល គឹមហ៊ុយ, ទេស សម្បត្តិ និង សឿត ណាវ៉ា ផ្ទេរទៅក្លឹបបឹងកេត។

ជាមួយនឹងការប្រកាសរំសាយនេះដែរ លោក កែវ សារ៉េត ដែលជាអតីតប្រធានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី បានលើកឡើងថា មិនតម្រូវឲ្យមានការទិញលក់ ឬដោះដូរកីឡាករ ដូចក្លឹប និងក្លឹបនោះទេ ពោលគឺសហព័ន្ធមិនយកកម្រៃពីក្លឹបណាមួយឡើយ ដោយគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំសហព័ន្ធ ដើម្បីរួមចំណែកជួយដល់ក្លឹបបាល់ទាត់សមាជិកនៃលីគកំពូលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ធនធានកីឡាករយុវជន។ តាមរយៈគោលការណ៍នេះ លោកសង្ឃឹមថា វិស័យបាល់ទាត់កម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត៕