(ភ្នំពេញ)៖ បើគេនៅចាំមិនភ្លេច តារាចម្រៀងប្រុសស្រី គឺ មាស សុខសោភា និងលោក ខេមរួមគ្នាបកស្រាយចម្រៀងមួយបទ ដែលមានចំណងជើងថា «ឲ្យអត់ស្រឡះទៅ» ធ្វើអោយទស្សនិកជនចាប់អារម្មណ៍អ្នកទាំងពីរ ថ្មីៗនេះអ្នកទាំងពីរបានដឹកដៃគ្នាទៅសម្តែងឲ្យបងប្អូនខ្មែរ ដែលរស់នៅស្រុកក្រៅបានទស្សនា។ ក្នុងនោះមានទស្សនិកជន​​ នៅតាមបណ្ដាប្រទេសមួយចំនួន ដូចជា អាឡឺម៉ង អាមេរិក ឬបារាំង​ ​​បានទស្សនារាំលេងកម្សាន្តសប្បាយជាមួយ តារាចម្រៀងទាំងពីរដួងនេះ ហើយហាក់បង្ហាញឲ្យឃើញថា ពួកគេកំពុងមានឱកាសកើបប្រាក់ យ៉ាងពេញៗដៃ។

ជាការកត់សម្គាល់ តារាប្រុសស្រីម្ចាស់បទ «ឲ្យអត់ស្រឡះទៅ» ពីររូបនេះ មានទស្សនិកជនក្រៅប្រទេសជាច្រើនគាំទ្រ ខណៈកាលពីមុនភ្ជុំបិណ្ឌ អ្នកទាំងពីរបានដឹកដៃគ្នាទៅសម្តែងនៅអាឡឺម៉ង ដោយទទួលបានការកោតសរសើរ ពីទស្សនិកជននៅទីនោះយ៉ាងច្រើន។ អ្វីដែលពិសេសអ្នកទាំងពីរ ត្រូវបានគេដឹងថា អាចច្រៀងបាននូវចម្រៀងគ្រប់ប្រភេទ មិនបទប្រពៃណី បទញ៉ាក់កន្រ្តាក់អារម្មណ៍ ឬបទមនោសញ្ចេតនានោះទេ។

តាមរយៈភាពល្បីល្បាញ ទទួលបានការគាំទ្រគ្រប់ទិសទីនេះផងដែរ ត្រូវបានអ្នកតាមដានវិស័យសិល្បៈលើកឡើងថា តម្លៃខ្លួន មាស សុខសោភា រឹតតែថ្លៃថែមទៀត ពោលគឺស៊ីថ្លៃ ជិត៣ពាន់ដុល្លារឯណោះ ក្នុងមួយកម្មវិធី ខណៈតម្លៃនេះ គឺត្រដំត្រសងនឹង ឱក សុគន្ធកញ្ញា ទៅហើយ។ ងាកមករកតារាប្រុសលោក ប៉ុន សុណារិន្ទ ហៅ ខេម ឯណោះវិញ ក៏មានប្រជាប្រិយភាពមិនណយដែរ តាំងពីចាប់ដៃគូជាមួយ មាស ​សុខសោភា ព្រោះអ្នកទាំងពីរសមនឹងគ្នា។ យ៉ាងណាមិញ លោក ខេម ធ្លាប់និយាយថា «មិនមែនទាល់តែចាប់ដៃគូ​ជាមួយអ្នកល្បី ទើបលោកអាចចេញទៅច្រៀងនៅបរទេសបានទេ លោកអាចច្រៀងជាមួយតារា​ចម្រៀងណាក៏បាន ឲ្យតែខាងម្ចាស់ Sponsor តម្រូវ គឺអាចចេញទៅបានទាំងអស់»

សូមបញ្ជាក់ថា ការចេញទៅសម្តែង ជាញឹកញាប់ពីសំណាក់ តារាស្រី មាស សុខសោភា នេះ ត្រូវបានគេដឹងថា មានការអមដំណើរទៅជាមួយ ស្វាមីឥតខាន់ស្លារបស់នាង ដែលបានចាប់ដៃគ្នាសាងស្នេហ៍ អស់រយៈពេលជិត ១១ឆ្នាំ មិនទាន់រៀបការតាមប្រពៃណី។ អ្វីដែលពិសេសការ ទៅជាមួយគ្នានេះដែល មិនត្រឹមតែបានកើបលុយ តាមរយៈការបំពេញការងារនោះទេ ថែមទាំងបានសាងនូវអនុស្សាវរីយ៍ ដ៏ផ្អែមល្ហែមទៀតផង៕